Sunday, July 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​វាយប្រហារ​បាន​បង្កើត​កម្មវិធី Android ដែលមាន​មេរោគ​ដើម្បី​លួច​យក​លេខ​កូដ 2FA ពី​ក្នុង​សារ​

​ភ្នំពេញ​៖ វា​ពុំមែន​ជា​រឿង​ចម្លែក​ទេ​ដែល​ក្រុម​អ្នក​វាយប្រហារ​បង្កើត​ក​ម្ម​វិធី​ដែលមាន​មេរោគ ដើម្បី​លួច​យក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់ ឬ​ដើម្បី​តាមដាន​ក្រុម​អ្នកប្រឆាំង​ណាមួយ​នោះ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​សុវត្ថិភាព​បច្ចេកវិទ្យា Check Point បាន​រកឃើញ​ក្រុម​អ្នក​វាយប្រហារ​ដែល​គេ​ឱ្យ​ឈ្មោះថា Rampant Kitten បាន​បង្កើត​កម្មវិធី Android ដែលមាន​មេរោគ​ដើម្បី​លួច​យក​លេខ​កូដ 2FA (Two-factor Authentication) ពី​ក្នុង​សារ​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បានចេញ​ផ្សាយ​ព័ត៌មាន​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០២០​។​

​ក្រុមហ៊ុន Check Point បានឱ្យដឹងថា ទោះបីជា​ក្រុម​អ្នក​វាយប្រហារ​នេះ កាលពី​ដើមឡើយ​បាន​បង្កើត​កម្មវិធី​មេរោគ​សម្រាប់តែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ប៉ុន្តែ​ពេលនេះ​ពួកគេ​បាន​ប្រើ​វិធីសាស្ត្រ​ដូចគ្នានេះ​ដើម្បី​បង្កើត​កម្មវិធី​មេរោគ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ពួកគេ​អាច​លួច​យក​បញ្ជី​ឈ្មោះ សារ ថត​សំឡេង​តាមរយៈ​ម៉ៃ​ក្រូ​ហ្វូ​ន និង​បើក​គេហទំព័រ​ដែលមាន​មេរោគ​បាន​ផងដែរ​។

​ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ផងដែរ​ថា កម្មវិធី​មេរោគ​នេះ នឹង​រង់ចាំ​ស្ទាក់​យកសារ​ដែល​ចាប់ផ្ដើម​ជាមួយ​អក្សរ “G-” ដែល​នេះ​គឺជា​ការ​សម្គាល់ថា ជា​សារ​មាន​លេខ​កូដ 2FA ដែល​បាន​ផ្ញើ​មកពី​ក្រុមហ៊ុន Google ហើយ​បន្ទាប់មក​កម្មវិធី​នេះ​ក៏​ផ្ញើ​សារ​បន្ត​ទៅឱ្យ​ក្រុម​អ្នក​វាយប្រហារ​។ ប៉ុន្តែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​កាន់តែខ្លាំង​នោះ​គឺ កម្មវិធី​មេរោគ​នេះ​អាច​ថែមទាំង​ទាញយក​សារ​ពី​កម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត​ដូចជា​កម្មវិធី Telegram ជាដើម​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Check Point បាន​ប្រទះឃើញ​កម្មវិធី​ដែលមាន​ផ្ទុកមេរោគ​នេះ​ក្នុង​កម្មវិធី​មួយ ដែល​បន្លំ​ជា​កម្មវិធី​សម្រាប់​ជួយ​អ្នក​និយាយ​ភាសា Persian (​ភាសា​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់​) ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ​នៅក្នុង​ប្រទេស​ស៊ុយអែត​។ ទោះជា​យ៉ាងណា​ពួកគេ​ក៏បាន​ព្រមាន​ផងដែរ​ថា​កម្មវិធី​មេរោគ​នេះ​អាចមាន​នៅក្នុង​កម្មវិធី​ផ្សេងៗ​ទៀតផង​ដែរ​៕​ដោយ​៖​កូ​ឡាប​

×