ករណីអំពើហិង្សាមកលើនារីៗពីសំណាក់មនុស្សប្រុស មួយរយៈចុងក្រោយនេះ ហាក់បានកើតឡើងញឹកញាប់ពេកហើយ មិនថានៅក្នុងស្រុកយើង ឬ នៅស្រុកគេនោះទេ។ ជាក់ស្តែង ករណីហិង្សាដ៏សាហាវមួយមកលើនារីម្នាក់នៅក្នុងប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានកំពុងបង្ករលកកំហឹងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមប្រទេសនេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរស២នាក់ បានប្រទះឃើញនារីរងគ្រោះកំពុងអង្គុយទ្រហ៊ោយំ នៅតាមផ្លូវកណ្តាលយប់ស្ងាត់តែឯង ហើយពួកគេក៏បានរកឃើញមាត់ និងភ្លៅរបស់នាង ពោរពេញទៅដោយឈាមគួរឲ្យអាសូរ។
បុរស២នាក់នោះបាននិយាយថា ពួកគេបានឃើញនារីរងគ្រោះ និងបុរសម្នាក់ កំពុងមានជម្លោះនឹងគ្នា ប៉ុន្តែ គិតថា ពួកគេគ្រាន់តែជាការទាស់សម្តីគ្នាធម្មតាប៉ុណ្ណោះ ហេតុនេះ ក៏ពុំចាប់អារម្មណ៍អន្តរាគមន៍។
នារីរងគ្រោះបានយំខ្សឹកខ្សួល ខណៈនិយាយទាំងការឈឺចុកចាប់ និងគ្មានកម្លាំងកំហែងថា៖ «បងៗ! ជួយដឹកខ្ញុំទៅផ្ទះផង បុរសម្នាក់បានវាយខ្ញុំសាហាវណាស់ ព្រោះតែខ្ញុំបដិសេធទៅផ្ទះសំណាក់មួយគេ»។
បន្ទាប់មក បុរសទាំងពីរនោះបានណែនាំឲ្យនាងទូរស័ព្ទទៅសាច់ញាតិ ដើម្បីមកយកនាង ប៉ុន្តែ នាងបាននិយាយថា នាងពុំមានទូរស័ព្ទទេ ព្រោះត្រូវបុរសនោះយកទៅបាត់ហើយ ហេតុដូច្នេះ ពុំចាំលេខអ្នកណាទាំងអស់។ នាងបានទទួចអង្វរបុរសម្នាក់ជួយជូននាងទៅផ្ទះផង និងសន្យាឲ្យលុយឈ្នួល។ ទោះយ៉ាងណា បុរសទាំងពីរបានបដិសេធថា មិនអាចជិះម៉ូតូដឹកគ្នាលើសពី២នាក់បានទេ។
នារីរងគ្រោះបានប្រាប់ពួកគេបន្ថែមថា៖ «តាមពិតទៅ ខ្ញុំមិនអាចរួមរស់ជាមួយបុរសនោះបានទេ ខ្ញុំមកទីនេះគ្រាន់តែជួបមុខគ្នាប៉ុណ្ណោះ ហើយនៅពេលនិយាយគ្នាចប់ គាត់ក៏បានបបួលខ្ញុំទៅផ្ទះសំណាក់ ប៉ុន្តែ ខ្ញុំបដិសេធ គាត់ក៏បានប្រើអំពើហិង្សាលើខ្ញុំតែម្តង»។
ទីបំផុត បុរសម្នាក់ទៀត ក៏បានយល់ព្រមដឹកនាងទៅផ្ទះ ខណៈបុរសទាំងពីរជិះម៉ូតូតាមក្រោយ។
ទោះយ៉ាងណា រឿងហេតុពិតប្រាកដ គេពុំដឹងមូលហេតុច្បាស់ទេ ប៉ុន្តែ វីដេអូឃ្លីបនៃហេតុការណ៍នេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម៕ ដោយ៖ លឹម ហុង