សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកស្អុយក្នុងក្រុងសៀមរាប។
ការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវទាំងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ក៏ដូចជាប្រមូលធាតុចូលបន្ថែម ទាក់ទងនឹងស្ថានភាពផ្លូវថ្នល់នាពេលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប សម្រាប់ការត្រៀមរៀបចំ ចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួនពី១០០ ទៅ១៥០ លានដុល្លារអាមេរិក សម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕
ដោយ៖CEN