នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសហប្រធានទាំង៣រូប រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្ត្រៃយ៍ ព្រមទាំងសមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មទំនើបចំនួន ២ ដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្ត និងបន្តអន្តរាគមន៍ដោយក្រុមការងារត្រី-វិស័យ ក្នុងឆ្នាំ២០២៦។
ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើប ដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ក្នុងជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពទាំងកម្រិតសហគមន៍ និងកម្រិតក្រុមកសិករ ជាពិសេសការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ បច្ចុប្បន្ន ការសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd សម្រេចបានប្រមាណ ៨០% ហើយបានតភ្ជាប់នាឡិកាទឹកជូនប្រជាពលរដ្ឋចំនួន ៩៥ គ្រួសារ។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានពិនិត្យលើបញ្ហាប្រឈមនានា និងដំណោះស្រាយជាក់ស្តែង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងក្នុងកិច្ចប្រជុំ និងក្នុងការចុះពិនិត្យជាក់ស្តែងតាមកសិដ្ឋាន។
បន្ទាប់មក ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានបន្តចុះពិនិត្យសក្ដានុពលសហគមន៍កសិកម្មតាសីសាមគ្គីស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានជួបពិភាក្សា និងស្វែងយល់អំពីភាពខ្លាំងរបស់សហគមន៍លើផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងផលិតកម្មកសិកម្មចម្រុះ។
ក្រុមការងារអន្តរក្រសួងទាំងបីបន្តសម្របសម្រួលអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយការចុះពិនិត្យសហគមន៍ និងទីតាំងនីមួយៗ ត្រូវអនុវត្តដោយយកចិត្តទុកដាក់ និងមានភាពប្រាកដប្រជា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្រោមការគាំទ្រពេញលេញពីក្រុមការងារត្រី-វិស័យ។
សូមបញ្ជាក់ជូនថា ក្រុមការងារក្រសួងទាំងបី បន្ដចុះពិនិត្យវឌ្ឍនភាពសហគមន៍កសិកម្មទំនើប ២ទៀត រួមមាន សហគមន៍កសិកម្មទំនើប ដំណាំស្រូវនាងអំ ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី







