ភ្នំពេញ៖ ដូចដែលបងប្អូននិមហាជនបានទទួលជ្រាប និងផ្ទុះកំហឹងរួចហើយ ចំពោះទង្វើដ៏កំណាចរបស់បុរសម្នាក់ ដែលបានវាយសង្សារខ្លួនឡើងហើមជាំពេញមុខ បន្ទាប់ពីបានឃើញវីដេអូបង្ហាញនារីរងគ្រោះស្ថិតក្នុងស្ថានភាពរបួសនៅលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ និងយំទាំងការឈឺចុកចាប់ ព្រោះត្រូវរង្គើធ្មេញថែមទៀតផង។
ក្រោយពីវីដេអូនេះត្រូវបានផ្ទុះឡើង ជាមួយកំហឹងមហាជនមិនអាចអត់ឱនឲ្យបាននៅទីបំផុត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនបុរសរូបនេះដែលមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ ២០ ឆ្នាំ (មុខរបរអ្នកដឹកជញ្ចូន) ក្រោយបង្កហិង្សាមកលើសង្សារខ្លួនបណ្តាលឲ្យហើមជាំមុខ និងគុំត្រចៀកស្ដាំ ស្ថិតនៅម្ដុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីវេលាម៉ោងជិត៣រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
តែយ៉ាងណាមិញ ក្រោយពីមានការរិះគន់ថា នារីរងគ្រោះត្រូវសង្សារវាយស្ទើរស្លាប់ស្ទើររស់ប៉ុណ្ណឹងហើយ នៅមានចិត្តអាណិតយកបាយឲ្យនៅប៉ុស្តិ៍ប៉ូលិសទៀត ហើយក៏ចោទឡើងថា សង្សារវាយសមមុខហើយ ព្រោះមានប្រុសមានថ្មីនោះ ដោយអត់ទ្រាំពុំបាននារីរងគ្រោះក៏បានចេញមុខឡាយវីដេអូ ធ្វើការបកស្រាយជុំវិញបញ្ហាទាំងអស់នេះ។
ជាដំបូង នាងសូមធ្វើការរៀបរាប់ជុំវិញរឿងហេតុដែលបានកើតឡើងថា តាមពិត កន្លងទៅបុរសជាសង្សារនេះបានវាយមកលើរូបនាងច្រើនដងហើយៗ នាងក៏បានបែកគ្នាផងដែរ ប៉ុន្តែ ដោយសាររូបគេអង្វរលន់តួក៏ត្រូវរ៉ូវគ្នាវិញ។ នាងក៏បានអះអាងថា សង្សារខ្លួនតែងមានទម្លាប់ប្រើអំពើហិង្សា រាល់ពេលផឹកស្រវឹង ហើយនាងរករឿង។ នាងក៏បានបញ្ជាក់យ៉ាងច្បាស់ថា លើកៗមុន នាងចេះតែអនុគ្រោះឲ្យ តែពេលនេះ នាងមិនអាចអត់ឱនឲ្យបានឡើយ ហើយបើទោះជាបុរសនេះចេញពីគុកវិញ ក៏នាងមិនយកដាច់ខាត ព្រោះទម្រាំបុរសនេះចេញមកវិញ ម្លេះរូបនាងមានប្តីមានកូនបាត់ហើយ។
ដោយឡែក ជុំវិញការរិះគន់នៅតែយកបាយឲ្យសង្សារដល់ប៉ុស្តិ៍ប៉ូលិស និងចោទប្រកាន់ថា សមមុខហើយសង្សារវាយព្រោះតែមានប្រុសថ្មី នាងក៏សូមបកស្រាយថា ការដែលមិនដាច់ចិត្តយកបាយទៅឲ្យ គឺដោយសារតែខាងប្រុសបានសុំជួបមុខជាលើកចុងក្រោយ។ រីឯពាក់ព័ទ្ធចោទប្រកាន់មានប្រុសផ្សេង នាងសូមច្រានចោលទាំងស្រុងថា គឺជារឿងមិនពិតនោះទេ ដោយនាងបានបញ្ជាក់ថា បុរសវ័យក្មេងនោះដែលមានឈ្មោះ សាំមឺ គឺជាអ្នកដទៃរាប់អានគ្នាដូចបងប្អូនបង្កើតអ៊ីចឹង (អ្នកជិតខាងក៏បានដឹងដែរ) ហើយរូបថតស្វីតៗ២សន្លឹកនេះ គឺនាងបានផុសយូរមកហើយ ប៉ុន្តែបែរជាមនុស្សមួយចំនួន ព្រោះតែចង់ល្បីបានយករូបនេះមកផុសឡើងវិញ ដែលនាំឲ្យមហាជនមានការយល់ច្រឡំ ដែលធ្វើឲ្យរូបនាងកាន់តែអាក្រក់ឈ្មោះខ្លាំងឡើង។
ហេតុនេះ នាងក៏សូមឲ្យបងប្អូនចូលកាលបរិច្ឆាទដែលនាងផុសរូបនេះ តើថ្ងៃណាខែណា? ហើយបើរូបនេះទើបផុសថ្មីៗ ហើយក៏ត្រូវសង្សារវាយសមមុខហើយអាហ្នឹងចាំបងប្អូននិយាយចុះ…៕ ដោយ៖ លឹម ហុង