បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង សូមមានការប្រុងប្រយ័ត្នជានិច្ចនៃទឹកជំនន់នេះ បើទោះបីស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែ មិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ន ព្រោះវានឹងតែបន្តហក់ឡើង ហើយអាជ្ញាធរខេត្តក៏បានត្រៀមរួចរាល់ដែរ នូវទីទួលសុវត្ថិភាពជាង២០០កន្លែងនិងសម្ភារទប់ទឹក។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា គិតត្រឹមនៅជិតថ្ងៃត្រង់នេះទឹកជំនន់នៅស្ទឹងសង្កែ ឡើងមិនទាន់ដល់១០ម៉ែត្រនោះទេ ប៉ុន្តែវាអាចនឹងឡើងលើស ១០ម៉ែត្រ។ កម្រិតទឹកដែលទម្លាក់ពីទំនប់កង្ហត់ ក៏មិនអាចឈានដល់ចំណុចប្រកាសអាសន្ននោះដែរ។ ចំពោះកម្រិតទឹកដែលត្រូវទម្លាក់មកចំនួន៤ទ្វារ ដែលចំនួននេះគឺធម្មតា ហើយចំពោះកម្រិតទឹកដែលឈានដល់ចំណុចប្រកាសអាសន្នគឺ១៤ម៉ែត្រ៨០ ឬ១៥ម៉ែត្រ ហើយរហូតមកដល់ពេលនេះ ទឹកជំនន់នៅមិនទាន់បង្កផលប៉ះពាល់លិចលង់ផ្ទះ ឬដំណាំរបស់ប្រជាពលរដ្ឋនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែ បង្កឡើងដោយមានទឹកភ្លៀងធ្លាក់ច្រើន នារយៈពេលប៉ុន្មានថ្ងៃនេះ នៅប្រភពទឹកខាងលើ មានស្ទឹងបឡាងឬហៅស្ទឹងសំឡូតចាស់ ស្ទឹងគ្រញូងនិងស្ទឹងប៉ៃលិន មានទឹកច្រើនបានហូរចូលទៅ ទំនប់ពហុបំណងសេកសក ហើយធ្វើឲ្យកម្ពស់ទឹកមានកើនឡើងខ្ពស់ ដោយខ្លាចមានផលប៉ះពាល់នៅប៉ែកខាងលើខ្លាំង ជំនាញក៏បានបើកទ្វារទឹកនៅទំបន់សេកសក ទម្លាក់មកទំនប់កង្ហត់និងបើកទ្វារទឹកបន្តតាមប្រឡាយមេនានា រួមទាំងស្ទឹងសង្កែ។ នេះជាជំនន់នៅស្ទឹងសង្កែលើកទី១ហើយ នៅឆ្នាំ២០២០នេះ ខណៈរាល់ឆ្នាំគិតត្រឹមរយៈពេលដូចគ្នា គឺមានទឹកជំនន់ហក់ឡើងច្រើនដងនៅក្នុងស្ទឹងសង្កែ ដោយទឹកជំនន់នោះ តែងបង្កការប៉ះពាល់ដល់ផ្ទះ និងដំណាំរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងដងស្ទឹងសង្កែនេះផងដែរ ពិសេសនៅស្រុកឯកភ្នំ ព្រោះនៅជិតបឹងទន្លេសាប៕ដោយ៖អ៊ុងសារុំ