ខេត្តតាកែវ ៖ ករណីនេះមន្ត្រីជំនាញនិងអាជ្ញាធរក្រុង និងខេត្តកំពុងសាចទឹកដាក់គ្នា រឿងសំណង់រំលោភចូលដីបឹង បំពានសាងសង់ទាំងគ្មានច្បាប់ និងការហាមឃាត់របស់អាជ្ញាធរ ប្រហែលម្ចាស់ផ្ទះ មានវេតមន្តហើយមើលទៅបានជាចេះបំបាំងភ្នែកមិនអោយឃើញ ។
សំណង់រឹងសង់រំលោភចូលដីបឹងបស់រដ្ឋជាច្រើនម៉ែត្របានស្ថាបនារួចរាល់ជាស្ថាពរ ដោយមិនខ្វល់ពីការហាមឃាត់របស់អាជ្ញាធរនាពេលកន្លងមកនោះទេ ដែលទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងដូនកែវ មានមន្ទិលទៅលើភាពមិនប្រក្រតីនៃអាជ្ញាធរក្រុងនិងខេត្តថាមានអ្វីលាក់លៀមនៅពីក្រោយនៃរឿងនេះ ព្រោះថាទីតាំងសាងសង់នៅក្បែរភ្នែកក្បែរត្រចៀកសោះ រឿងអីមិនដឹងគេសាងសង់បន្តរហូតរួចរាល់មួយរយភាគរយដូច្នេះទៅកើត ម្យ៉ាងវិញទៀតទាំងដែលមន្ត្រីជំនាញនិងអាជ្ញាធរខ្លួនឯងអះអាងថា ជាសំណង់គ្មានច្បាប់អនុញ្ញាតទៀតផង។
ជុំវិញរឿងសំណង់នេះដែរលោក នួន សុធា ប្រធានមន្ទីរសូរិយោដីនិងសំណង់ខេត្តតាកែវ បានឲ្យដឹងថា សំណង់នេះមន្ទីរជំនាញលោកមិនបានអនញ្ញាតច្បាប់សាងសង់ទេ ហើយអាជ្ញាធរខេត្តក៏បានដាក់ឱសានវាទដល់ម្ចាស់សំណង់ ឲ្យរុះរើហើយដែរ។ ដូច្នេះរឿងសាងសង់ទាំងបំពាននេះ លោក ក៏មិនដឹងដែរ។
លោក ប៉ាន ភារៈ អភិបាលរងក្រុងដូនកែវបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា ទីតាំងសំណង់ដែលសង់ចូលដីចំណីបឹងនេះ ខាងអាជ្ញាធរក្រុងធ្លាប់បានចុះទៅហាមឃាត់ នាពេលកន្លងមក និងរាយការណ៍ទៅថ្នាក់ខេត្តរួចរាល់ហើយ។ តែបើម្ចាស់សំណង់នៅតែបំពានសាងសង់នោះ ទុកឲ្យខាងខេត្តលោកដោះស្រាយទៅព្រោះរឿងនេះហួសពីដែនសមត្ថកិច្ចក្រុងហើយ។
ដោយឡែក លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា លោកអត់បានដឹងថា គេបន្តសាងសង់រួចរាល់នោះទេ ព្រោះខាងក្រុងអត់បានរាយការណ៍មកលោក។ លោកអភិបាលរងខេត្តបញ្ជាក់ថា លោកនិងសុំគោលការណ៍ទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីមានវិធានការណ៍ព្រោះ ករណីសំណង់រំលោភចូលដីបឹងនេះ ខេត្តបានបង្កើតគណៈកម្មការចម្រុះដើម្បីដោះស្រាយហើយ។
សូមបញ្ជាក់ថា សំណង់រឹងមាំមួយត្រូវបានសាងសង់រំលោភយកដីប្រឡាយ មកក្រោយរាប់សិបម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នានិយាយថា អាជ្ញាធរមិនអើពើ ដោយទុកឲ្យម្ចាស់ផ្ទះបន្តសកម្មភាពសាងសង់រហូតរួចរាល់ សង្ស័យមានភ្លើងខៀវពីអាជ្ញាធរខេត្តតាកែវ ៕ដោយ៖ តាកែវ