ភ្នំពេញ៖ និយាយដល់ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ នោះប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកដណាស់ជាបានស្គាល់ច្បាស់ហើយ អ្នកនាងស្រីអូន ជាបុគ្គលចិត្តធម៌ម្នាក់ដែលបានជួយទៅដល់បងប្អូនប្រជាជនខ្មែរក្រីក្រ និងជួបការលំបាកយ៉ាងច្រើនរាប់អស់មកហើយ ជាពិសេសអ្នកជំនួញវ័យក្មេងរូបនេះ ក៏មានកូនធម៌ចិញ្ចឹមជាង១០០នាក់ ឯណោះទៀតផង។
ជាការពិតណាស់ អ្នកនាង ស្រីអូន ត្រូវបានមហាជនមើលឃើញថា ជាបុគ្គលចិត្តល្អម្នាក់នៅក្នុងសង្គម ដែលតែងបង្ហាញឥរិយាបទខុសអ្នកដទៃ ព្រោះពុំត្រឹមតែរៀបចំខ្លួនយ៉ាងសាមញ្ញប៉ុណ្ណោះទេ តែអ្នកនាងក៏បង្ហាញមនោសញ្ចេតនាលាយឡំនឹងទឹកភ្នែកជានិច្ច រាល់ពេលដែលអ្នកនាងបានជួបផ្ទាល់នឹងអ្នកក្រលំបាកវេទនា ព្រោះថា អ្នកនាងក៏ជាកូនអ្នកក្រដែលធ្លាប់ឆ្លងកាត់ឧបសគ្គល្វីងជូរចត់យ៉ាងច្រើន ទម្រាំមានថ្ងៃនេះ។
ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ អ្នកនាងស្រីអូន បានបង្ហោះវីដេអូមួយធ្វើឲ្យគ្រប់គ្នារំជួលចិត្តតាមតែម្តង ក្រោយពីបានរំលឹករឿងរ៉ាវពីជីវិតជូរចត់របស់នាងជាច្រើនដែលមានអ្នកខ្លះមិនធ្លាប់បានដឹង ខណៈទៅក្រាបថ្វាយបង្គំ និងជូនលុយចំនួន 10000$ (១ម៉ឺនដុល្លារ) ដល់ឪពុកមារបស់ខ្លួន ដែលជាអ្នកមានគុណទី២ ធ្លាប់បានផ្តល់បាយ ម្ហូប កន្លែងរស់នៅ ការងារ និងភាពកក់ក្តៅ ដែលធ្វើឲ្យនាងមានកម្លាំងពុះពារដល់សព្វថ្ងៃ។
ក្នុងនោះ ម្ចាស់ក្រុមហ៊ុនផលិតសម្រស់ធម្មជាតិរូបនេះ ក៏បានភ្ជាប់សារដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មកថ្វាយបង្គំឪពុកមានិងជូនថវិកា 10000$ជាការតបស្នង សំដីគាត់២ឃ្លាខ្ញុំយកមកអនុវត្តរហូតមានថ្ងៃនេះ ការតស៊ូរបស់គាត់ជាគំរូដល់ខ្ញុំ រហូតដល់ខ្ញុំធ្វើការមិនចេះហត់មិនចេះនឿយ ខ្ញុំបានតស៊ូប្រឹងរើបម្រាស់ឲ្យជីវិតខ្ញុំចាកចេញពីការលំបាកជាច្រើន ជួយស្រោចស្រង់យោងបងប្អូនទាំងប្រុសទាំងស្រីបង្កើត សាច់ថ្លៃ ជីដូនមួយ ជីទួត ជីលួត អ្នកដទៃ និងលើកស្ទួយមុខមាត់គ្រួសារ តើបងប្អូនមានអ្នកណាជាគំរូហើយឬនៅ?»៕ ដោយ៖ លឹម ហុង