ភ្នំពេញ៖ការផ្សព្វផ្សាយកម្មវិធីនេះការចូលរួមពីតំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម ទិញនិងលក់ទំនិញកសិកម្មតាមរយៈកម្មវិធីទូរស័ព្ទដៃទន្លេសាប និងការបន្ថែមមុខងារថ្មី ដើម្បីជួយជំរុញដល់ការលក់ផលិតផលកសិកម្មក្នុងស្រុក។
កម្មវិធីនេះក្រោមការឧបត្ថម្ភពី អង្គការ SNV – IAPដែលជាម្ចាស់គម្រោង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ។
ការដាក់តាំងបង្ហាញពិព័រណ៍នេះ មានរយៈពេលពីរថ្ងៃ គឺនៅទី ២៤-២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឡើងនៅទីតាំងផ្សារទំនើបអ៊ីអនម៉លសាខាសែនសុខ ដើម្បីបង្ហាញចំណេះដឹងបច្ចេកទេស និងព័ត៌មានទីផ្សារកសិកម្ម និងមុខងារថ្មីៗបន្ថែមទៀតរបស់កម្មវិធីទូរស័ព្ទដៃទន្លេសាប ដូចជាទៅលើមុខងារដឹកជញ្ជូន និងទូទាត់តាមអនឡាញ ដោយការទិញទំនិញកាន់តែងាយស្រួល។
ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញពីធុរកិច្ចថ្មីនៅលើ E- Commerce platform របស់ App Tonlesap ហើយក៏ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងរវាងតួអង្គនានាក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្មផងដែរ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា នេះជាសមិទ្ធិផលមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ថ្មីៗនេះ យើងបានបន្ថែមមុខងារថ្មីមួយទៀត ដើម្បីធ្វើឲ្យកម្មវិធីទន្លេសាបនេះ កាន់តែផ្តល់អត្ថប្រយោជន៍ដល់កសិករខ្មែរ អ្នកទិញ លក់ ផ្គត់ផ្គង់ផលិតផលកសិកម្ម លើទីផ្សារអនឡាញឲ្យកាន់តែល្អប្រសើរជាងមុន ដែលមុខងារនោះយើងផ្តោតការដឹកជញ្ជូន និងការទូរទាត់សាច់ប្រាក់ដោយប្រើប្រាស់បច្ចេកវិទ្យាជំនួសការទូទាត់ជាសាច់ប្រាក់ផ្ទាល់។ យើងសង្ឃឹមថា ការបន្ថែមនូវមុខងារថ្មីមួយនេះ នឹងចូលរួមលើកកម្ពស់ដល់ការលក់ផលិតផលកសិកម្មក្នុងស្រុក និងការបង្កើនប្រាក់ចំណេញអ្នកដែលស្ថិតនៅក្នុងខ្សែច្រវ៉ាក់ទីផ្សារកសិកម្មអនឡាញផងដែរ។”
គួរបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃទន្លេសាប ជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដើម្បីជួយផ្តល់ចំណេះដឹងដល់កសិករ ពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបានតាមរយៈកម្មវិធីនេះផងដែរ។
គួរបញ្ជក់ថាកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែលផ្តល់ជូនមុខងារពិសេសថ្មីៗបន្ថែមទៀត ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញ ទូទាត់ទំនិញ និងដឹកជញ្ជូនអនឡាញ៕ដោយ៖ឡេង បញ្ញាឬទ្ធិ