ភ្នំពេញ៖ ប្រិយមិត្តពុកម៉ែបងប្អូនមួយចំនួនប្រហែលជាធ្លាប់បានស្គាល់ហើយ ចំពោះយុវជនដ៏កម្សត់ពិការមួយកំណាត់ខ្លួនដេកពោបតែនៅលើរទេះរុញ គឺបងប្អូនប្រុស ប្រាក់ សុផាន់ណា ដែលត្រូវបានគេស្គាល់តាមរយៈមានសមត្ថភាពនិពន្ធបទចម្រៀងនិងច្រៀងដោយខ្លួនឯងជាមួយឧបករណ៍តន្ត្រីហ្គីតាសាំដែលជាមធ្យោបាយដើម្បីចិញ្ចឹមជីវិត ស្ថិតនៅលើទឹកដីតំបន់អង្គរ។
ដោយឡែក ថ្មីៗនេះ យុវជនដ៏អភព្វរូបនេះ បានធ្វើឲ្យបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុកសម្តែងនូវក្តីអាណិតអាសូរជាខ្លាំងបន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុកមួយមានឈ្មោះ «យុវជនជួយ ប្រជាជនកម្ពុជា» បានបង្ហោះសារសូមអំពាវនាវដល់បងប្អូនសប្បុរសជន មេត្តាជួយដល់ប្អូនប្រុស ប្រាក់ សុផាន់ណា ផងព្រោះថា ពេលនេះគាត់មានជំងឺក្រួសតម្រងនោម ហើយត្រូវការប្រាក់ដើម្បីធ្វើការវះកាត់ក្រួសក្នុងតំរងនោម និងរលាកប្លោកនោមធ្ងន់ធ្ងរផងដែរ។
ក្នុងនោះ ទំព័រហ្វេសប៊ុកខាងលើបានបង្ហោះឲ្យដឹងថា៖ «សួស្ដី មិត្តភក្តិក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់គ្នា!!! ខ្ញុំតំណាងឲ្យបងប្រុស ប្រាក់ សុផាន់ណាពេលនេះបងប្រុស Brak Sophanna មានជំងឺក្រួសក្នុងតម្រងនោម និងរលាកតម្រងនោមធ្ងន់ធ្ងរ គាត់ត្រូវវះកាត់នៅថ្ងៃស្អែកនេះហើយ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បើបងប្អូនមានបំណងជួយឧបត្ថម្ភអាចទាក់ទងគាត់ផ្ទាល់ តាមរយៈលេខទូរស័ព្ទរបស់បងប្រុសផ្ទាល់ : 010 93 50 81 តាមរយៈខ្ញុំ បាទ 093633500: ABA : 000517255: Keo nimith ខ្មែរជួយខ្មែរ»៕ ដោយ៖ លឹមហុង