ភ្នំពេញ៖ កាលពីយប់មិញ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយ ដោយសារតែបងស្រីអតីតតារាចម្រៀងលោក សែម សង្វាត ស្រាប់តែត្រូវបានគេចាក់សោទ្វារបងផ្ទះពីក្រៅ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានមកអន្តាគមន៍ជួយកាត់សោរផ្អើលទាំងយប់។
ហេតុការណ៍ដ៏ហួសចិត្តខ្លាំងបំផុតនេះ បានកើតឡើងវេលាម៉ោងប្រមាណជាង ៨ យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅផ្លូវសុធារស់ (ទល់មុខសាកលវិទ្យាល័យបៀលប្រាយ) ក្នុងសង្កាត់ទន្លេបាសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមក្មួយស្រីលោក សែម សង្វាត ដែលត្រូវជាកូនបង្កើតស្ត្រីរងគ្រោះ បានបញ្ចាក់ប្រាប់ឲ្យដឹងថា មូលហេតុដែលអ្នកចាក់ (ផ្ទះដទៃ) ហ្នឹង បញ្ជាសន្តិសុខមកចាក់គឺដោយសារសុំចម្លងសោពុំបានដើម្បីចាក់មើលទឹក (កុងទ័រទឹករួមនៅក្នុងបរិវេណផ្ទះរបស់គាត់) ដែលជាធម្មតា ពេលបុគ្គលិករដ្ឋាករទឹកមកចាក់មើល គឺចាក់មើលរួមទាំងអស់គ្នា។ គាត់ក៏បញ្ជាក់ឲ្យដឹងផងដែរថា ផ្ទះរបស់គាត់ក៏មានអ្នកនៅដែរ មិនមែនទៅធ្វើការទាំងអស់នោះទេ ប្រសិនបើចង់មកមើលទឹក គ្រាន់តែស្រែកប្រាប់ទៅ ឬ អាចតេទៅម្តាយរបស់គាត់ នោះម្តាយរបស់គាត់នឹងដើរមកពីផ្សារមកចាក់ឲ្យហើយ។ ហើយមូលហេតុដែលពួកគាត់មិនអាចចម្លងសោឲ្យម្ចាស់ផ្ទះបង្កហេតុនេះ ឬ បងប្អូនផ្ទះដទៃបាន គឺព្រោះតែដើម្បីសុវត្ថិភាពផ្ទះសម្បែងរបស់ពួកគាត់ ដែលមានរបស់ទ្រព្យនៅខាងក្នុងដូចជាម៉ូតូជាដើម។
កូនស្រីស្ត្រីរងគ្រោះដែលត្រូវជាបង្កើតរបស់លោក សែម សង្វាត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងទៀតថា «តើគាត់(ផ្ទះបង្ក) ហ្នឹង ចង់បានផ្លូវសមូហភាពអីគេ សមូហភាពនៅឯណា? ទាំងដែលគាត់យកផ្លូវសមូហភាពធ្វើជារបស់ឯកជន ធ្វើរបងបិទជិតដោយមិនឲ្យពួកគាត់ចេញចូលបានឡើយ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែជណ្តើរឡើងចេញចូលទៀតផង។
ជុំវិញបញ្ហនេះផងដែរ លោកសែម សង្វាត ក៏សម្តែងការហួសចិត្តផងដែរដោយលោកនិយាយថា «បងអត់យល់ដែរអូន ដល់តែគាត់ធ្វើអ៊ីចឹងមិនជាគាត់យល់ឃើញយ៉ាងម៉េច ព្រោះអីបើមនុស្សយើងរៀនសូត្រចេះដឹង គេអត់ធ្វើអ៊ីចឹងទេអូន ព្រោះថា កណ្តុរប្រសិនបើយើងសន្ធប់វាហើយ វាចេញអត់រួចតើវានឹងស្លាប់…? អ៊ីចឹងវាស្នើដូចគ្នាករណីដែលបានកើតឡើងនេះ…» ។
ហេតុនេះ លោកក៏សូមស្នើដល់អាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហានេះជូនបងស្រីរបស់លោកផង មិនមែនសុខៗអាងមានលុយទិញសោ យកមកចាក់របងផ្ទះគេពីខាងក្រៅបែបនេះឡើយ។ នេះសំណាងហើយ ដែលមានទូរស័ព្ទទាក់ទងសាច់ញាតិ ពុំនោះទេច្បាស់ជាជាប់គ្មានអ្នកណាដឹងឮហើយ៕ ដោយ៖ លឹម ហុង