តាកែវ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយលោកលោកស្រីស្នងការរង បានធ្វើការជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់លោកឧកញ៉ា និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភទាំងថវិកា និងសម្ភារបរិក្ខារមកដល់ស្នងការដ្ឋានធ្វើការសាងសង់អគារដ្ឋបាល និងកុំព្យូទ័រ laptop ដើម្បីសម្រួលដល់នគរបាល លើការងារបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ។
នៅក្នុងឱកាសជួបសំណេះសំណាល និងផ្តល់លិខិតថ្លែងអំណរគុណចំពោះម្ចាស់ជំនួយនេះដែរ ឯកឧត្តមស្នងការរួមជាមួយកងកម្លាំងនគរបាលទាំងអស់ បានសន្យាចំពោះមុខថា លោកនិងបន្តជំរុញនិងពង្រឹងដល់ធនធានមនុស្ស របស់នគរបាលទាំងអស់ ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ កាន់តែមានសមត្ថភាពខ្ពស់លើបច្ចេកវិទ្យា និងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារបន្ថែមទៀត ចំពោះចំនុចចន្លោះប្រហោងលើការបម្រើសេវាសាធារណៈនានា ដល់ប្រជាពលរដ្ឋឲ្យកាន់តែលឿននិងរហ័ស មិនតែប៉ុណ្ណោះ និងធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្តឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ និងសុខសុវត្ថិភាព ជាពិសេសលុបបំបាត់ឲ្យបានចំពោះការចរាចរណ៍សារធាតុញៀន ដែលកំពុងតែកើតមានឡើងនៅតាមទីជនបទ ។ ហើយនៅក្នុងនោះដែរ ឯកឧត្តមស្នងការលោកសង្ឃឹមយ៉ាងមុតមាំថា និងទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ទៀត ពីបណ្តាលោកឧកញ៉ា និងសប្បុរសជន ដើម្បីកសាងអង្គភាពនគរបាលខេត្តតាកែវឲ្យបានល្អប្រសើរជាងនេះទៀត ។
ជាមួយគ្នានេះដែរ តំណាងឲ្យបងប្អូនសប្បុរសជនដែលជួយឧបត្ថម្ភគាំទ្រ ដល់កម្លាំងនគរបាលខេត្តតាកែវនេះលោកឧកញ៉ា តុង ហុកសេង បានធ្វើការកោកសរសើរដល់កងកម្លាំងនគរបាល ដែលតែងតែយកចិត្តទុកដាក់លើការធានា ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដូច្នេះជំនួយដែលផ្តល់ជាសម្ភារបរិក្ខារ កុំព្យូទ័រ laptop ចំនួន ១៥គ្រឿងនេះ គឺដើម្បីជំរុញ និងសម្រួលដល់ការងារមួយចំនួនដោយប្រើប្រាស់លើបច្ចេកវិទ្យា របស់ស្នងការដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរនិងឆាប់រហ័ស ។
សូមបញ្ជាក់ផងដែរថា ចំពោះម្ចាស់ជំនួយដែលបានជួយដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមាន លោកឧកញ៉ា តុង ហុកសេង និងលោកជំទាវ ទិន សុផា ផ្តល់កុំព្យូទ័រ laptops សេរីឆ្នាំ២០២០ ចំនួន ១៥គ្រឿង សម្រាប់បម្រើរនិងសម្រួលលើកិច្ចការងាររដ្ឋបាល របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧកញ៉ា ឈិន សុខ និងក្រុមគ្រួសារ ជួយឧបត្ថម្ភថវិកាចំនួន 5,000$ លោកឧកញ៉ា លី អ៊ូលាង និងក្រុមគ្រួសារ ឧបត្ថម្ភស៊ីម៉ងត៍ចំនួន ៥តោន លោក កែវ វ៉ាន្នី ព្រមទាំងក្រុមគ្រួសារ ជួយឧបត្ថម្ភស៊ីម៉ងត៍ចំនួន ១០តោន និងបណ្តាសប្បុរសជនផ្សេងៗទៀតជួយដល់នគរបាលខេត្ត សម្រាប់សាងសង់អគាររដ្ឋបាលរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕ដោយ៖ តាកែវ