ភ្នំពេញ៖ អ្នកស្រីនួន សារីហៅយាយ យ៉យគឺជាអ្នកសិល្បៈបុរាណអាយ៉ៃពោរពេញដោយទេពកោសល្យពូកែម្នាក់និងជាដៃគូដ៏ស័ក្តិសមមិនអាចខ្វះបានរបស់លោកព្រហ្មម៉ាញ។ បើទោះជាបានឆ្លងកាត់លើវិថីសិល្បៈបុរាណនេះឈានចូលវ័យកាន់តែជ្រេហើយក្តី តែអ្នកស្រី នួន សារី នៅតែមានប្រជាប្រិយភាពខ្លាំងដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនដដែល។
ពិតមែនហើយ មិនត្រឹមចេះប៉ិនប្រសព្វតែផ្នែកអាយ៉ៃឆ្លើយឆ្លងតែមួយមុខប៉ុណ្ណោះ តែអ្នកស្រីក៏អាចច្រៀងភ្លេងការយ៉ាងពីរោះ និងសូម្បីលេងកំប្លែងវោហាសព្ទចាក់ទឹកមិនលិច មិនឲ្យអ្នកទស្សនាខកបំណងនោះឡើយ។
ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកសិល្បៈជើងចាស់រូបនេះ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានឃើញអ្នកស្រីបានឡើងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា៖ «ស្នេហ៍វ័យចំណាស់» បានយ៉ាងពីរោះគួរឲ្យចង់ស្តាប់តែម្តង។
តាមរយៈវីដេអូបង្ហោះដោយអ្នកនាងចន ច័ន្ទលក្ខណា ក្នុងនោះឃើញថា មានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនបានចូលខមិនកោតសរសើរគ្រប់ៗគ្នាថា៖ «អ្នកម៉ែយ៉យ នៅតែស្អាត ហើយច្រៀងយ៉ាងពីរោះទៀត, ស្រឡាញ់ណាស់សិល្បករចាស់ៗជំនាន់មុនសម្ដែងមកសមៗម៉ង, មនុស្សសម័យក្រោយប្រហែល៩០០០ឆ្នាំ { ប្រាំបួនពាន់ឆ្នាំ } ទៀតទើបរកបានដូចគាត់» និងនៅមានអ្នកខ្លះទៀតក៏ចង់ដឹងពីអាយុរបស់អ្នកស្រី ព្រោះថាចំណាស់នេះហើយនៅតែមើលទៅក្មេង ហើយច្រៀងពិរោះក្មេងសុំខ្មាស៕ ដោយ៖ លឹម ហុង