ភ្នំពេញ ៖ ក្រុមអ្នកដឹកទំនិញតាមប្រព័ន្ធអនឡាញចំនួនជាង៥០០នាក់ កើតទុក្ខមិនសុខចិត្ត ព្រោះទម្លាក់ថ្លៃឈ្នួលដឹកទាបពេកត្រឹម០,៨០សេន ក៏សម្រេចចិត្តប្រមូលផ្ដុំគ្នា នៅផ្លូវ៦០ម៉ែត្រ ទាំងព្រឹកព្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីដង្កែទៅធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនដឹកជញ្ជូនអាហារ “អ៉ី ហ្គេត E-Gets” ដើម្បីទាមទារឲ្យក្រុមហ៊ុនរក្សាតម្លៃឈ្នួលដឹកឲ្យនៅដូចដើម នេះបើតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការងារCENទទួលបាននៅព្រឹកនេះ។
បើសម្ដីអ្នកដឹកជញ្ជូនអាហារក្រុមហ៊ុន អ៉ីហ្គេត បានប្រាប់ឲ្យក្រុមការងារCENថា នេះជាលើកទី៤ហើយ ដែលខាងក្រុមហ៊ុន បានកាត់បន្ថយប្រាក់ឈ្នួល ដោយបានដាក់កម្រិតឲ្យពួកគេថា មិនថាជិត ឬឆ្ងាយ ក៏បញ្ចុះមកនៅត្រឹមតែ០,៨០សេន ក្នុងមួយជើងដែរ និងដាក់លក្ខខណ្ឌថា អ្នកណាធ្វើបានក៏ធ្វើ អ្នកណាធ្វើមិនបានអត់ទៅ សូមឈប់ទៅ ។
អ្នកដឹកជញ្ជូនអាហារខាងលើបន្តទៀតថា បើគិតតម្លៃឈ្នួលដឹក ក្នុងមួយជើងត្រឹម៨០សេន ទាំងជិតទាំងឆ្ងាយនោះ ក្នុងមួយថ្ងៃពួកគាត់ក្នុងម្នាក់ ដឹកបានត្រឹម១០ទៅ១៥ជើងប៉ុណ្ណោះ ហើយទូទាត់ថ្លៃចាក់សាំង និងហូបបាយអស់ទៅ ពួកគាត់នៅត្រឹមតែ១ម៉ឺនឬ២ម៉ឺនរៀលប៉ុណ្ណោះ និងមានការលំបាកយ៉ាងខ្លាំងក្នុងជីវភាព ដូច្នេះហើយសូមខាងក្រសួង និងមន្ទីរ រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ ដែលជាអ្នកដឹកជញ្ជូនអាហារនេះផង៕ដោយ៖ មីដា