ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលដឹកនាំដោយលោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដី ការក្រសួង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីឯកឧត្ដម Michael Michatlak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ លោកJack Myint អ្នកគ្រប់គ្រងនិងជាតំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា លោកស្រី កុសុម៉ា គឹម ទីប្រឹក្សាUS-ABC ព្រមទាំងតំណាងក្រុមហ៊ុនជាច្រើនទៀតរួមមាន៖ ក្រុមហ៊ុន Bell Textron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord ក្រុមហ៊ុនHerbalife Nutrition និងក្រុមហ៊ុន Pernod Ricard ជាដើម។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទោះបីមានបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់គុណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្នុងនោះ កម្ពុជាបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ព្រមទាំងបានសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ជាងនេះទៀត ថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ១០០ទៅ១៥០លានដុល្លារអាមេរិក ដើម្បីពង្រីក និងលើកកម្ពស់គុណភាពផ្លូវនៅក្នុងក្រុងសៀមរាប។
ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីកំណែទម្រង់លើវិស័យដឹកជញ្ជូន ដោយប្រើប្រាស់យន្តការប្រព័ន្ធព័ត៌មានវិទ្យាដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការប្រឡងយកបណ្ណបើកបរ ដោយធ្វើការទូទាត់ថ្លៃសេវាតាមរយៈធនាគារដៃគូ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ផ្លូវខូចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទ អេឡិចត្រូនិក គ្រឿងបង្គុំ កសិឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងៗទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសក្រុមហ៊ុនអាមេរិក ដែលកំពុងស្វែងរកទីតាំងថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេ ភស្តុភារកម្មជាតិ ដែលទាមទារឱ្យមានការវិនិយោគយ៉ាងច្រើនពីបណ្ដាប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងធ្វើការ គិតគូររៀបចំ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយសហការជាមួយក្រុមហ៊ុនឯកជនមួយរបស់ប្រទេសសឹង្ហបុរី។
ជាការឆ្លើយតបទៅនឹងឱកាសដ៏មានតម្លៃនេះ លោកAlexander C. Feldman បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវិធានការទប់ស្កាត់ផលប៉ះពាល់មួយចំនួនពីជំងឺកូវីដ-១៩ និងទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារជំងឺនេះក៏ដោយ ក៏កម្ពុជានៅមានការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដែរ។
ក្រុមហ៊ុនទាំងអស់ដែលចូលរួម បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុន នៅព្រះរាជាណាចក្រម្ពុជា ព្រមទាំងបានសន្យាថានឹងផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនដៃគូដទៃទៀត ឱ្យងាកមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនមួយចំនួនបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូអំពី បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងបានស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាមួយកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន រួមទាំងការលើកកម្ពស់បញ្ហាសុវត្ថិភាពចរាចរណ៍ និងវិស័យភស្តុភារកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនអាមេរិកមួយចំនួនឲ្យកាន់តែ មានសភាពខ្លាំងក្លាឡើងថែមទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa សហការជាមួយក្រសួង ក្នុងការផ្តល់សេវាទូទាត់តាមអនឡាញ និងជំរុញឱ្យក្រុមហ៊ុន Ford សិក្សាលទ្ធភាពរបស់ខ្លួនលើការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្ថែមលើមជ្ឈមណ្ឌលសេវាដែលខ្លួនមាននៅកម្ពុជា ដើម្បីបង្វិតសេវាឱ្យខិតជិតប្រជា
ពលរដ្ឋ ដោយហេតុថាបច្ចុប្បន្ននេះក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានក្រុមហ៊ុនចំនួនតែពីរប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន General Electric ដែលបានផ្តល់សម្ភារៈដល់មន្ទីរពេទ្យកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុនHerbalife Nutrition ដែលបាននិងបន្តការគាំទ្រដល់វិស័យកីឡាហែលទឹកនៅកម្ពុជា៕ដោយ៖កូឡាប