ភ្នំពេញ៖ កន្លងមកទៅនេះ ឆាណែល Youtube មួយបានធ្វើបទវិភាគមួយប្រធានបទថាតើម្ចាស់ពាន Cambodia Idol រដូវកាលទី៣ គ្រី ថៃពៅ អាចដើរចេញពីហង្សមាស ទៅរស់ជុំមិត្តសម្លាញ់ វង្ស ថាណាន់ នៅផលិតកម្មកើតថ្មី Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឬយ៉ាងណា? ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ផលិតកម្ម Galaxy បាននាំចូលសមាជិកថ្មីមួយទៀត ដែលជាអតីតបេក្ខជនប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣ គឺលោក វង្ស ថាណាន់ ដែលបានចេញបទដំបូងនៅក្នុងផលិតកម្មនេះមានចំណងជើងថា៖ «ស្នេហ៍ក្រៅផ្លូវការ» ដែលជាស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ ជានាយកគ្រប់គ្រងទូទៅរបស់ផលិកម្ម Galaxy និងជាអតីតអ្នកនិពន្ធដ៏ឆ្នើមរបស់ផលិតកម្មថោនផងដែរ។
ក្រោយពីបានឃើញវត្តមានតារាចម្រៀង វង្ស ថាណាន់ បានចូលទៅក្នុងផលិតកម្ម Galaxy ក៏មានមជ្ឈដ្ឋានមហាជនមួយចំនួនបានកើតការសង្ស័យថា តើម្ចាស់ពានកម្មវិធី Cambodia Idol រដូវកាលទី៣ គឺលោក គ្រីថៃពៅ នឹងសម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាស មករស់ជុំមិត្តសម្លាញ់ខ្លួនដែរឬយ៉ាងណា? ព្រោះថា នៅហង្សមាស មានតារាចម្រៀងល្បីៗគរជើងគ្នានៅទីនោះ ហើយបើនិយាយពីសមត្ថភាពមិនវិញ គ្រី ថៅពៅ គឺនៅមានកម្រិតមិនអាចយកប្រៀបទៅលើតារារួមជំនាន់បានទេ។
ប៉ុន្តែ ទោះយ៉ាងណា មានការវិភាគមួយបានលើកឡើងថា គ្រី ថៃពៅ ដែលជាម្ចាស់ពាន Cambodia Idol 2018 ពុំអាចទៅណាចោលហង្សមាស បាននៅឡើយទេ ក្រោមហេតុផលចងជើងមិនឲ្យតារាចម្រៀងរូបនេះទៅណារួច គឺដោយសារ គ្រី ថៃពៅ ជាតារាចម្រៀងជាប់កុងត្រារបស់ផលិតកម្មហង្សមាស។
យ៉ាងណាមិញ ស្របពេលដែលបទវិភាគនេះបានបែកធ្លាយកំពុងក្លាយជាទីចាប់អារម្មណ៍ពីមហាជន ស្រាប់តែម្ចាស់បទ «ស្រឡាញ់គេហើយមែនទេ» រូបនេះ បានក៏បានចេញមុខបញ្ជាក់ការពិតច្បាស់ៗយ៉ាងខ្លីដូច្នេះថា៖ «ហង្សមាសជាទីកន្លែងដែលកក់ក្ដៅបំផុតសម្រាប់ខ្ញុំ» ។ នេះមានន័យថា លោក គ្រី ថៅពៅ មិនដែលមានបំណងគិតទៅជួបជុំជាមួយមិត្តសម្លាញ់វង្ស ថាណាន់ នោះទេ៕ ដោយ៖ លឹម ហុង