លោកយាយម្នាក់បានធ្វើឲ្យគ្រប់គ្នានៅលើអ៊ីនធឺណិត សម្តែងនូវក្តីស្រណោះជាខ្លាំង ខណៈគាត់បានបង្ហាញនូវខណៈពេលដ៏រំជួលចិត្តមួយបង្ហាថា ទោះមានអាយុច្រើនប៉ុន្មានក៏ដោយ ក៏ចំណងទំនាក់ទំនងសេចក្តីស្រឡាញ់រវាងអ្នក និងបងប្អូនបង្កើតរបស់អ្នក កាន់តែជ្រៅខ្លាំងឡើងៗ។
កាលពីពេលថ្មីៗនេះ វីដេអូមួយបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដែលរៀបរាប់ពីទំហំនៃសេចក្តីស្រឡាញ់រវាងបងប្អូនបង្កើតលោកយាយអាយុ ៩៦ ឆ្នាំ និងបងប្រុសរបស់គាត់អាយុ ១០១ ឆ្នាំ ដែលពួកគាត់ទាំងពីររស់នៅក្នុងនៅខេត្តជាំងស៊ី ប្រទេសចិន។
នៅក្នុងវីដេអូ យើងអាចមើលឃើញថា នៅពេលដែលលោកយាយបានមកជួបបងប្រុសរបស់គាត់ កំពុងអង្គុយនៅក្នុងរថយន្ត។ នៅពេលនោះ គាត់បានយកប្រាក់ចំនួន ២០០ យ័ន (៣០ ដុល្លារ) ជូនទៅបងប្រុសហើយភ្លាមៗនោះបងប្រុសគាត់ ក៏បានចាប់ដៃរបស់គាត់រលាក់ច្រើនដង មុនទទួលយកលុយ។ បងប្រុសគាត់បន្ទាប់មក ក៏បានសម្លឹងទៅទៅកាន់ប្អូនស្រីដែលកំពុងទឹកភ្នែករលីងរលោង។ ក្រោយមក លោកយាយក៏បានយំ ហើយយកដៃរបស់គាត់ជូតទឹកភ្នែក ព្រោះតែក្តីបារម្ភពីសុខទុក្ខរបស់បងមិនដឹងយ៉ាងម៉េចយ៉ាងម៉ានោះទេ។
បើតាមប្រភពសារព័ត៌មានចិន Daily បានចុះផ្សាយឲ្យដឹងថា បងប្រុសរបស់លោកយាយរូបនោះ បានរងរបួសត្រគាកកាលពីដើមខែកញ្ញា ដូច្នេះ គាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង។ លោកយាយពិតជាចង់ទៅលេងសួរសុខទុក្ខបងប្រុសដែរ ប៉ុន្តែ ដោយសារតែគាត់ក៏មានជំងឺ ហេតុដូច្នេះ កូនប្រុសរបស់បងប្រុសគាត់ ក៏បាននាំឪពុកមកលេងគាត់តែម្តងទៅ។
រឿងដំបូងដែលលោកយាយនិយាយទៅកាន់បងប្រុសនៅពេលពួកគាត់បានជួបគ្នាគឺ៖ “បងប្រុសអើយ តើបងជួបគ្រោះថ្នាក់ធ្លាក់នៅទីណា?”។ ដោយឡែក នៅពេលលាគ្នាទៅវិញ លោកយាយក៏បានឲ្យលុយបងប្រុសចំនួន ២០០ យ័ន ដោយពោលពាក្យថា “ទុកសម្រាប់ទិញរបស់ឆ្ងាញ់ៗហូបណាបង!”៕ ដោយ៖ លឹម ហុង