ភ្នំពេញ៖ក្រុមហ៊ុននេះនឹងវិនិយោគលើការផ្តល់កន្លែងធ្វើការងារជូនដល់អ្នកជំនួញ អាជីវករ អ្នកវិនិយោគនានាអាចមកកាន់ក្រុមហ៊ុនដើម្បីធ្វើការងាររួមគ្នា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពការងារ។ នេះតាមការលើកឡើងរបស់ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនBasis Point, លោកហ៊ីការ៉ុ ម៉ូរ៉ាយ៉ាម៉ា (Hikaru Marayama) ក្នុងពេលបើកសម្ពោធក្រុមហ៊ុនលើកទី១ មានទីតាំងនៅតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០។
លោកហ៊ីការ៉ុ ម៉ូរ៉ាយ៉ាម៉ាបាន បញ្ជាក់ថា៖ ក្រុមហ៊ុនរបស់លោកបានដាក់ទុនវិនិយោគ លើការបង្កើតការិយាល័យសម្រាប់សម្រាប់ជួល ឲ្យអ្នកជំនួញ អ្នករកស៊ី និងមនុស្សជាច្រើនអាចមកកាន់BasisPoint ដើម្បីប្រាស្រ័យទាក់ទងគ្នាលើមុខជំនួយរកស៊ី និងការងារនានារបស់ពូកគេ។
គោលបំណងនៃការបើកក្រុមហ៊ុន Basis Point កម្ពុជាបន្ទាប់ពីបានសិក្សាស្វែងមើលឃើញ ពីកំណើនផលិតផលក្នុងស្រុក(GDP) របស់ប្រជាជនកម្ពុជា មានកំណើនខ្ពស់គួរចាប់អារម្មណ៍។ ទោះបីបច្ចុប្បន្នមានការរីករាលដាលនៃកូវីដ-១៩ក្តី តែវាមិនប៉ះពាល់ធ្ងន់ធ្ងរ សេដ្ឋកិច្ចកម្ពុជាដូចបណ្តាប្រទេសមួយចំនួន ទើបក្រុមហ៊ុនសម្រេចមកវិនិយោគនៅកម្ពុជា ។
លោកប្រធានផ្នែកពាណិជ្ជកម្ម បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យBasis Point មកវិនិយោគនៅកម្ពុជាថា នៅជប៉ុនក្រុមហ៊ុនមានសមាជិកចំនួនប្រមាណ៤ម៉ឺននាក់ និងមានទីតាំងចំនួន៦កន្លែងដែលធ្វើឲ្យ Basis Point ក្លាយជាកន្លែងធ្វើ់ការងារដ៏ធំជាងគេនៅជប៉ុន។ ហើយនៅពេលអនាគតឈានចូលដល់យុគ្គសម័យទំនើប យើងបានគិតពីការពង្រីកខ្លួនក្រៅប្រទេសផងដែរ។
លោកហ៊ីការូ ម៉ូរ៉ាយ៉ាម៉ា(Hikaru Marayama) បានលើកឡើងទៀតថា ការដាក់ទុនវិនិយោគរបស់ក្រុម ហ៊ុនBasis Point ដោយបានមើលឃើញថា ប្រទេសកម្ពុជាមានខៀនសេដ្ឋកិច្ចរឹងមាំ កំណើនសេដ្ឋកិច្ចគួរចាប់អារម្មណ៍ ទោះបីពេលនេះសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ក៏ដោយ តែសេដ្ឋកិច្ចកម្ពុជានៅតែមានស្ថិរភាពគួរកត់សម្គាល់ និងបន្តកើនឡើងរាល់ឆ្នាំ ដូច្នេះនឹងមានមនុស្សច្រើនមកពីគ្រប់ទិសទី ចូលមកធ្វើការនៅកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ក៏មានការប្រមូលផ្តុំកើនឡើងដែរ ហើយកន្លែងធ្វើការងារកាន់តែសំខាន់ដែរ។ យើងចង់ផ្តល់កន្លែងធ្វើការងារទំនើប ដល់ពួកគេប្រកបដោយសុវត្ថិភាព និងគាំទ្រដល់ការកែលម្អផលិភាពរបស់ពួកគេ៕ដោយ៖ឡេង បញ្ញាឬទ្ធិ