ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតប្រាក់រៀលឡើងវិញនៅថ្ងៃ២៩កញ្ញានេះថា ឈ្មោះឯកតារូបិយវត្ថុជាតិ “រៀល” បានចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណាព្យាបាលបារាំងលើរូបិយប័ណ្ណដែលហៅថា “ប្រាក់ព្យ៉ាស់ (Piastre) ដែលដំបូងឡើយត្រូវបានបោះផ្សាយដោយធនាគារឥណ្ឌូចិន (Banque de l’Indochine) រហូតដល់ឆ្នាំ១៩៤៨ និងក្រោយមកបោះផ្សាយដោយវិទ្យាស្ថានបោះប្រាក់នៃសមាគតរដ្ឋឥណ្ឌូចិន (Institut d’émission) រហូតដល់ឆ្នាំ១៩៥៤ ក្រោមការគ្រប់គ្រងរបស់បារាំង។
លោកបន្តថា នៅលើក្រដាសប្រាក់ព្យ៉ាស់ ក៏មានឈ្មោះរូបិយប័ណ្ណពីរទៀតគឺ ដុង និងគីប ដែលត្រូវបានប្រើប្រាស់រួមគ្នាក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ។ បន្ទាប់ពីទទួលបានឯករាជ្យពេញលេញរួមទាំងផ្នែករូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៤ ហើយបានបោះផ្សាយប្រាក់រៀលថ្មីចាប់ពីឆ្នាំ១៩៥៥មក។
ប្រាក់រៀលបានបម្រើយ៉ាងសកម្មដល់គោលនយោបាយកសាងជាតិ នៃរបបសង្គមរាស្ត្រនិយម។ ជាអកុសល របប ប៉ុល ពត បានបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក្នុងនោះរួមមាន អគារធនាគារជាតិនៃកម្ពុជាដែលត្រូវបានកម្ទេច ហើយប្រាក់រៀលក៏ត្រូវបានបោះបង់ចោលផងដែរ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធធនាគារនិងរូបិយវត្ថុបានចាប់ផ្តើមបង្កើតឡើងវិញពីចំណុចសូន្យ ហើយស្ថានភាពសេដ្ឋកិច្ចត្រូវបានហ៊ុំព័ទ្ធនិងផាត់ចេញពីឆាកអន្តរជាតិ។ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតធនាគារកណ្តាល ដែលពេលនោះមានឈ្មោះថា “ធនាគារជាតិនៃប្រជាជនកម្ពុជា” ឱ្យមានដំណើរការ ដោយផ្អែកលើធនធានមនុស្សដែលនៅសេសសល់តិចតួចបំផុត។ រដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីបង្ហាញពីឯករាជ្យភាព អធិបតេយ្យជាតិ និងបម្រើដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្រោមទស្សនៈវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលថា “រូបិយវត្ថុជាតិគឺជាផ្នែកមួយនៃការកសាអធិបតេយ្យ និងអំណាចខាងសេដ្ឋកិច្ចរបស់រដ្ឋ”។
លោក ជា ចាន់តូថា៖«ការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនេះ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ និងស្វាគមន៍យ៉ាងខ្លាំង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់របស់កម្ពុជា»។
លោកបន្តថា ក្រោមប្រព័ន្ធធនាគារមួយថ្នាក់ (Mono-banking system) ធនាគារកណ្តាលបានដើរតួនាទីចម្បងៗបី គឺជាអាជ្ញាធររូបិយវត្ថុផង ជាអ្នកផ្តល់ឥណទានផង និងជារតនាគារជាតិផង។ ប្រាក់រៀលបានផ្តល់ជាមធ្យោបាយដោះដូរជំនួសឱ្យការដោះដូរទំនិញនិងទំនិញ។
ប្រាក់រៀលបានពង្រឹងថវិកាជាតិ សម្រាប់ការបើកប្រាក់ខែជូនមន្ត្រីរដ្ឋការ និងការចំណាយនានារបស់រដ្ឋ។ ជាមួយគ្នានេះ ប្រាក់រៀលក៏ត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ឥណទានរបស់រដ្ឋដល់ការស្តារសកម្មភាពសេដ្ឋកិច្ចចាំបាច់នានា ជាពិសេសការធ្វើឱ្យសហគ្រាសរដ្ឋឱ្យរស់ឡើងវិញ។ ទោះយ៉ាងណា ការបាត់បង់ជំនឿទុកចិត្តយ៉ាងធ្ងន់ធ្ងរលើរូបិយវត្ថុជាតិ និងការទទួលរងការគំរាមកំហែងដោយសង្គ្រាម នៅតែធ្វើឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលតិចតួចនៅឡើយ ជាពិសេសសម្រាប់ជាឧបករណ៍សន្សំ។
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោតសកលទូទាំងប្រទេសលើកដំបូង និងបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយផ្ទាល់នៅក្នុងរាល់ការចំណាយរបស់ខ្លួន។ ការហូរចូលយ៉ាងគំហុកនៃប្រាក់ដុល្លារអាមេរិកមកកាន់សេដ្ឋកិច្ចដែលមានទំហំតូច ក្នុងពេលដែលជំនឿទុកចិត្តមកលើរូបិយវត្ថុជាតិមានកម្រិតទាបស្រាប់ បានបង្កើតជាបញ្ហាថ្មីមួយចំពោះសេដ្ឋកិច្ចជាតិគឺដុល្លារូបនីយកម្ម។
ដូច្នេះ បញ្ហាដុល្លារូបនីយកម្មនេះមិនមែនកើតចេញមកពីការសម្រេចចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែជាការទទួលយករបស់ទីផ្សារ។ ក្រោមសេដ្ឋកិច្ចទីផ្សារនិងប្រព័ន្ធធនាគារពីរថ្នាក់ (Two-tier banking system) ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្ន ពេលដែលទំហំសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់តែកើនឡើងឥតឈប់ឈរ និងមានសមាហរណកម្មក្នុងតំបន់ខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានកំហិតលទ្ធភាពធនាគារកណ្តាល ក្នុងការអនុវត្តពេញលេញនូវគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រកំណើននិងទប់ទល់នឹងវិបត្តិ។
ដោយពិនិត្យឃើញពីសារសំខាន់នៃប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយ លើកកម្ពស់ប្រាក់រៀលជាអាទិភាពសំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថានប័នពាក់ព័ន្ធ បានរួមចំណែកលើកកម្ពស់ប្រាក់រៀលជាបន្តបន្ទាប់។ វិធានការដែលបានអនុវត្ត បានជួយរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ដោយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាមធ្យមប្រមាណ ១៦% ក្នុងមួយឆ្នាំៗ។ កំណើនតម្រូវការប្រាក់រៀល ត្រូវបានគាំទ្រជាចម្បងដោយកំណើនជំនឿទុកចិត្តរបស់សាធារណជន ដែលទទួលបានជាចម្បងពីសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧,៨% ជាមួយអត្រាអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៥% ហើយប្រាក់រៀលមានស្ថិរភាពល្អប្រសើរក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២០ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញនិងសេវានាគ្រាបន្ទាប់បានប្រមាណ ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ គឺបានកើនឡើងជាង ១០០ដង៕
ដោយ៖CEN