Saturday, November 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលនឹងបន្ត អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤

ភ្នំពេញ ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវ មនោសញ្ចេតនារីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

រាជរដ្ឋាភិបាលនឹងបន្ត អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន : ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤) ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម “ស្តង់ដាសាលារៀនគំរូ ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ ស្តង់ដាសាលារៀនគំរូ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) បាន ជំរុញនិងគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៤ នៅក្នុងសាលាបឋមសិក្សាគោលដៅចំនួន១៦១សាលា ដោយផ្តោត លើការបន្ថែមម៉ោងសិក្សា២ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងការរៀនភាសាខ្មែរ ការអាន និងគណិតវិទ្យា។

ថ្មីៗនេះ ក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពី សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀននិងរៀនដល់សិស្សានុសិស្ស តាមរយៈការរៀបចំការបង្រៀន និង រៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់ សាលារៀនមួយចំនួនបាន បើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញនៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀតបន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល។ ជាមួយគ្នានេះដែរ បងប្អូន ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កលទ្ធភាពឱ្យកុមារនិង សិស្សានុសិស្សទាំងនោះ បានចុះឈ្មោះចូលរៀននៅតាមសាលារៀននៅជិតបំផុត ដោយសារពួកគេមួយចំនួន ធ្លាប់បានចូលរៀន មិនធ្លាប់ចូលរៀន ចេះភាសាខ្មែរ និងមិនសូវចេះភាសាខ្មែរ។

ជារួម ទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ដោយសារ ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ព្រមទាំង ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងសង្កេត ឃើញថា សិស្សានុសិស្សនៅគ្រប់កម្រិតទទួលបានឱកាសចូលរៀនកាន់តែច្រើន និងមានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង។

សម្តេចធិបតី បានលើកឡើងបន្តទៀតថា ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖ ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួន សាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.រ.អ. នៅតាម សាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×