ភ្នំពេញ៖ ពិតមែនហើយ មនុស្សប្រុសស្រី២នាក់បានគ្នាជាប្តីប្រពន្ធ បើនិយាយពីសម័យមុន នោះទៅណាមិនឆ្ងាយពីស្រុកភូមិជិតខាងនោះទេ តាមរយៈការណែនាំពីសាច់ញាតិជាដើម។ ប៉ុន្តែ សម្រាប់សម័យកាលដ៏ទំនើបបច្ចុប្បន្ននេះវិញ មិនដូចពីមុនទេ បើទោះជាមិនដែលស្គាល់គ្នាពីមុន ឬ ជួបមុខគ្នាម្តងណា ក៏មនុស្សប្រុសស្រី២នាក់អាចក្លាយជាប្តីប្រពន្ធគ្នាបានដែរ តាមរយៈការស្វែងរកគ្នានៅលើបណ្តាញសង្គម។
ដោយឡែក ងាកមើលគូស្នេហ៍មួយគូនេះវិញ អាចត្រូវបានចាត់ទុកថាជារឿងចៃដន្យ ឬ ក៏ជានិស្ស័យ? ព្រោះថា អ្នកទាំងពីរគ្រាន់តែធ្លាប់ជាមិត្តរួមការងារជាមួយគ្នាបានតែ១ថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់មកក៏បានបែកគ្នាដល់ទៅ២ឆ្នាំ ដោយមិនដែលមានទំនាក់ទំនងអ្វីជាមួយគ្នាសោះឡើយ តែបែរជាមកជួបគ្នាវិញ ហើយអ្វីដែលពិសេសនោះ គឺអ្នកទាំងពីរបានក្លាយជាគូដណ្តឹងនឹងគ្នាថែមទៀតផង។
នេះបើយោងតាមខាងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Sokunthea He បានសរសររៀបរាប់ពីដំណើររឿងរបស់ខ្លួនជាមួយគូដណ្តឹង ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជឿលើនិស្ស័យទេអ្នកទាំងអស់គ្នា ទៅធ្វើការជួបគាត់តែមួយថ្ងៃ ហើយក៍ឈប់ពីការងារនោះវិញ បែកគ្នា២ ឆ្នាំកុំថាឡើយ chat like រូបភាព ក៏មិនដែលផង សំខាន់កើតខែដូចគ្នាទៀត រកណាបានតែថ្ងៃមួយខាងស្រី reply story គាត់ចុះឡើងៗ គាត់ក៏ធ្វើឲ្យមានថ្ងៃនេះ ហើយអ្វីដែលពិសេសនោះ គឺថាគាត់បាននិយាយថា គាត់ត្រូវការអ្នកច្បាស់លាស់ ហើយខាងស្រីនេះមិនជឿទេ ( ដឹងក្នុងចិត្តគិតមិចទេ មិនជឿគាត់សោះ) ហើយក៏និយាយឌឺគាត់ថា បើច្បាស់មែន បងចូលស្តីដណ្តឹងអូនទៅ មានណាគាត់មែនទែន។ អូនអរគុណ ដែលបងផ្តល់តម្លៃឲ្យអូន ហើយច្បាស់លាស់»។
ភាពច្បាស់លាស់របស់បុរសជាគូដណ្តឹង ក៏បានធ្វើឲ្យនាងពោលពាក្យបែបនេះថា៖ «អូនអរគុណគ្រប់យ៉ាងចំពោះទឹកចិត្តរបស់បង មិនមែនជាសង្សារតែជាគូជីវិត នេះបានគេហៅថា ច្បាស់លាស់ អរគុណម៉ាក់ប៉ាទាំងសងខាង អាកុង អាម៉ា អ៊ំប្រុស អ៊ំស្រី បងប្រុស បងស្រី ដែលឲ្យពួកយើងមានថ្ងៃនេះ ហើយក៏អរគុណដែរ ចំពោះបងប្អូនទាំងសងខាង ដែលបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនេះ 27.09.2020 save my day»៕ ដោយ៖ លឹម ហុង