សៀមរាប៖ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច គឺជាទីកន្លែងគោលដៅទេសចរណ៍ទី១ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចង់ទៅលេងកម្សាន្ត និងជាពិសេសចង់ស្គាល់យ៉ាងខ្លាំង ពីស្នាដៃដ៏ធំអស្ចារ្យគ្មានពីរនៃប្រាសាទដ៏ល្បីនៅលើពិភពលោកនេះ ដែលត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។
ដើម្បីបង្កើនសម្រស់អង្គរវត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ អាជ្ញាធរអប្សរាបានខិតខំកសាង ហើយបច្ចុប្បន្ននេះ ឃើញថានៅក្នុងបរិវេណជុំប្រាសាទអង្គរវត្ត បាននិងកំពុងប្រែមុខមាត់ថ្មីគួរឲ្យចាប់អារម្មណ៍។
នេះបើយោងតាមទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាព នៃការអភិវឌ្ឍន៍បរិវេណមុខប្រាសាទអង្គរវត្ត និងសរសេរបញ្ជាក់ឲ្យដឹងថា៖ «បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ ស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។
សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលបានរៀបចំសួនច្បារ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត»។
តែយ៉ាងណាមិញ ទន្ទឹមនឹងការកោតសរសើរពីការអភិវឌ្ឍន៍នេះផងដែរ ក៏មានបងប្អូនលេងហ្វេសប៊ុកមួយចំនួនបានចូលខមិន សំណូមពរដល់អាជ្ញាធរជួយកែសម្រួលកន្លែងចតឡានឆ្ងាយ ដែលជាហេតុធ្វើឲ្យភ្ញៀវដើរទម្រាំដល់ប្រាសាទអង្គរវត្ត សឹងចង់ដាច់ខ្យល់ និងមួយទៀត ប្រសិនបើអាច គួរប្រក់ជាដំបូលនៅលើផ្លូវដើរចូល។ ក្នុងនោះ គណនីមួយបានលើកឡើងជាសំណូមពរថា៖ «គួរធ្វើដំបូលលើផ្លូវដើរទៅចំណតរថយន្តផង» ខណៈអ្នកផ្សេងទៀតក៏បានយល់ស្របតាមគំនិតនេះថា អាធ្យាស្រ័យបងសុំបញ្ចេញមតិ ១ កន្លែងចតឡានឆ្ងាយពេក ប្រសិនកែ កន្លែងនេះប្រហែលល្អ ព្រោះ ទម្រាំដើរចូលដល់អង្គរចង់អស់ខ្យល់ សម្រាប់អ្នកទេសចរមួយចំនួនធំ»។ តែទោះយ៉ាងណា ការលើកឡើងជាសំណូមពរនេះត្រូវបុគ្គលិកអាជ្ញាធរអប្សរាម្នាក់ពុំយល់ស្របនោះទេ ដោយគាត់បានឆ្លើយតបថា ចង់បានសព្វគ្រប់បែបនេះវានាំឲ្យបាត់បង់ធម្មជាតិ ឬវប្បធម៌ទៅវិញទេ។ ក្រោយពីបានឃើញបុគ្គលិកនោះបានលើកហេតុផលបែបនេះ ក៏ស្រាប់តែគណនីមួយបានដាក់ទៅវិញថា៖ «ដើម្បី tourisms ងាយស្រួលដើរពីររថយន្តទៅប្រាសាទ បើចំណតឡាននៅឆ្ងាយដោយស្រុកយើងក្តៅ និងភ្លៀងច្រើន ម៉េចនិយាយអ៊ីចឹងវិញ? គួរតែពិនិត្យមើលយោបល់គេផង ទើបល្អ។ ខុសគេហ្នឹងហើយ បាននៅទុករខេករខាករាប់ឆ្នាំ ទាល់តែ tourism ចុះថយ»៕ ដោយ៖ លឹម ហុង