ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រែនភ្នំពេញ ជួបជុំគ្នាដើម្បីប្រឆាំងនឹងគម្រោងលុបស្រះទឹក ហើយក៏សូមកិច្ចអន្តរាគមន៍ពីសាលារាជធានីភ្នំពេញ ប៉ុន្តែទោះយ៉ាងណាសាលារាជធានី ភ្នំពេញថា មិនមានមូលដ្ឋានច្បាប់ក្នុងការទប់ស្កាត់ម្ចាស់បុរីហ្គ្រែនភ្នំពេញ ក្នុងការលុបបឹងដែលពលរដ្ឋតវ៉ានោះឡើយ ព្រោះស្រះទឹកនោះមិនមានសម្បត្តិសាធារណៈរបស់រដ្ឋឡើយ វាជាកម្មសិទ្ធិឯកជនរបស់ម្ចាស់បុរី ដែលមានប្លង់កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ។
ជំលោះរវាងពលរដ្ឋជាង១៤០នាក់ រស់នៅក្នុងបុរីហ្គ្រែនភ្នំពេញ និងម្ចាស់បុរីថ្មី ដោយពលរដ្ឋបានតវ៉ាស្នើសុំដល់អាជ្ញាធរជួយបទប់ស្កាត់ម្ចាស់ថ្មី កុំឲ្យលុបស្រះទឹកក្នុងគម្រោង ។
ជាការឆ្លើយតប សាលារាជធានីភ្នំពេញ បានចេញលិខិតមួយនៅល្ងាចថ្ងៃទី២៨ កញ្ញា ២០២០នេះដោយលើកឡើងថា មិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ម្ចាស់បុរីមិនឲ្យលុបស្រះទឹកនោះទេ, ស្រះទឹកដែលពលរដ្ឋតវ៉ាមិនឲ្យលុបនោះ គឺមិនមានសម្បត្តិសាធារណៈរបស់រដ្ឋឡើយ វាជាចំណែកកម្មសិទ្ធិរបស់ម្ចាស់បុរី ដូច្នេះការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹករបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភច្បាប់ភូមិបាល ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ បានជម្រាបមកលោកស្រីតំណាងប្រជាពលរដ្ឋចំនួន១៤០នាក់ រស់នៅក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រែនភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី ក្នុងកម្មវត្ថុ ៖ ស្ដីពីសំណើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ស្ថិតនៅតាមបណ្តោយវិថីហ្គ្រែនកែងផ្លូវ ខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអរន្តរជាតិហ្គ្រែនភ្នំពេញ។
យោង ៖ លិខិតស្នើសុំចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់តំណាងប្រជាពលរដ្ឋចំនួន១៤០នាក់។ តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាប លោក លោកស្រី ប្រាប់ថា ក្រោយពីទទួលបាន សំណើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ដែលមានបណ្តោយប្រវែងប្រមាណ៤២៣ម៉ែត្រ និងទទឹង ប្រវែងប្រមាណ២៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយវិថីហ្គ្រែនកែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណប អន្តរជាតិហ្គ្រែន ភ្នំពេញរួចមក រដ្ឋបាលរាជធានីភ្នំពេញបានចាត់មន្ត្រីចុះស្រាវជ្រាវ និងរកឯកសារពាក់ព័ន្ធ ពិនិត្យឃើញថា ស្រះទឹកខាងលើនេះ ពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយឯកសារទៀតសោត ស្រះទឹកនេះមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខភព១២៨៩៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩ របស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ាលាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវាយ អិល ភី គ្រុប។ ការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើ
រំលោភមាត្រា៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ។
សូមបញ្ជាក់ថា មានប្រជាពលរដ្ឋប្រមាណ១៤០នាក់ ដែលមានជីវភាពធូរធាររស់នៅក្នុងទីក្រុងរណបហ្គ្រែនភ្នំពេញ បានផ្ទុះការតវ៉ានិងដាក់ពាក្យស្នើសុំទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍រក្សាទុកនិងទប់ស្កាត់ការលុបស្រះទឹក ដែលមានទំហំ១០ហិកតា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖កូឡាប