ស្ទឹងត្រែង៖ ទឹកទន្លេមេគង្គដែលហូរកាត់ខេត្តស្ទឹងត្រែងប្រទេសកម្ពុជា មានការប្រែប្រួលខ្លាំងនៅឆ្នាំនេះ ដោយនៅក្នុងខែវស្សា ទឹកនៅបាតទន្លេនៅឡើយ ជាហេតុធ្វើឲ្យមន្ត្រីជំនាញមានការព្រួយបារម្ភជាខ្លាំង ពីការបន្តពូជរបស់មច្ឆជាតិនៅក្នុងខេត្តស្ទឹងត្រែង។
លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកទន្លេទាំង ៤ ដែលហូរកាត់លើទឹកដីខេត្តស្ទឹងត្រែង មានការប្រែប្រួលទៅតាមធម្មជាតិ។ នៅឆ្នាំនេះទឹកទន្លេមិនពេញប្រៀបជ្រាំងចូលតាមដងអូរវាលទំនាបដូចរាល់ឆ្នាំឡើយ។
លោកនាយខណ្ឌ បាននិយាយបន្តទៀតថា ទឹកទន្លេមេគង្គក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ទើបតែនឹងមានការប្រែប្រួលខុសពីប្រក្រតីនៅឆ្នាំ ២០២០ នេះតែប៉ុណ្ណោះ។ តាមការកត់សម្គាល់ឃើញថាជារៀងរាល់ឆ្នាំនៅអំឡុងខែមិថុនា-ខែកក្កដា ទឹកទន្លេក្នុងខេត្តនេះចាប់ផ្ដើមជន់ឡើងពេញប្រៀបហូរចូលតាមប្រឡាយ អូរ ថ្លុក ត្រពាំង វាលទំនាប ជាដើម។ល។ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះគេសង្កេតឃើញថាទឹកទន្លេមេគង្គមានកម្ពស់ពី ៥ ទៅ ៧ ម៉ែត្រ តែប៉ុណ្ណោះ គឺស្ទើរតែនៅបាតទន្លេនេះបើធៀបក្នុងរដូវប្រាំង និងរដូវវស្សា។
មន្ត្រីជំនាញខាងលើបានរៀបរាប់បន្ថែមទៀតថា គិតត្រឹមចុងខែកញ្ញានេះ ត្រីមេពូជគ្រប់ប្រភេទនៅក្នុងខេត្តស្ទឹងត្រែង មិនតិចជាង ៩៩% នោះទេបានទម្លាក់ពងរួចនៅក្នុងដែនធម្មជាតិ ប៉ុន្តែលោកបារម្ភយ៉ាងខ្លាំងថាពងត្រីទាំងនោះ មិនដឹងថាអាចញាស់ចេញជាកូនត្រី ឬមួយក៏អត់?
សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ប្រភពទឹកទន្លេមេគង្គមានដើមនៅប្រទេសចិនហូរកាត់ប្រទេសចំនួន ៦ គឺប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម មានប្រវែងជាង ៤២០០ គីឡូម៉ែត្រ ហើយបានហូរកាត់ខេត្តស្ទឹងត្រែងប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ។ នៅខេត្តស្ទឹងត្រែងមានទន្លេចំនួន៤ហូរកាត់គឺទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលទន្លេទាំងបួនហូរកាត់ខេត្តស្ទឹងត្រែងមានប្រវែងប្រមាណ ៤៤៧ គីឡូម៉ែត្រ។
ខេត្តស្ទឹងត្រែងមានភូមិសរុបចំនួន ១២៨ ភូមិ ប្រជាពលរដ្ឋប្រមាណ ៧០-៨០% រស់នៅតាមដងទន្លេ ដែលប្រភពទឹកទន្លេទាំងនេះមានសារសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការរស់នៅ ការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ។ ក្រៅពីនេះធនធានត្រី គឺជាប្រភពមានផលប្រយោជន៍ខ្លាំងសម្រាប់ការទទួលទានរបស់ប្រជាពលរដ្ឋ។
មន្ត្រីជលផលបានលើកឡើងថា ទិន្នផលត្រីចាប់បានពីធម្មជាតិប្រមាណពី ៣-៧ តោន ដោយត្រីខ្លះដូចជាត្រីប៉ាស៊ីអ៊ី មានតម្លៃថ្លៃរហូតដល់ទៅ ៥០ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ជាថ្មីម្តងទៀត លោក ទុំ នីរ៉ូ បានក្រើនរំលឹកថា វិស័យជលផលនៅខេត្តស្ទឹងត្រែង គឺបានមកដល់ចំណុចភ្លើងលឿងទៅហើយ នេះមានន័យថាការចាប់ត្រីពីធម្មជាតិទាំងស្របច្បាប់ ទាំងល្មើសច្បាប់ គឺហួសកម្រិតដែលអាចស្តុកធម្មជាតិអាចផ្គត់ផ្គង់បាន។ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះការផ្គត់ផ្គង់ត្រីមិនត្រឹមតែក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ គឺបាននាំចេញស្ទើរតែ ២៥ ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។ ដោយសារតម្រូវការត្រីសាច់នេះហើយ បានជាមានការប្រឹងចាប់ត្រីពីដែនធម្មជាតិយ៉ាងគគ្រឹកគគ្រេង ដែលជាកត្តាអាចនាំឲ្យមហន្តរាយណ៍ដល់ដល់ធនធានជលផលនៅខេត្តនេះ។
នៅខេត្តស្ទឹងត្រែង មន្ត្រីជលផលដែលមានការចូលរួមគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងសហគមន៍មូលដ្ឋាន បានខិតខំការពារ និងអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទរៀងរាល់ឆ្នាំ បានយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់។
ជាមួយនោះជំនាញជលផល សូមធ្វើការអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់បទល្មើស ដើម្បីរក្សាផលត្រីឲ្យនៅគង់វង្ស សម្រាប់បន្តនិរន្តរភាព ដល់កូនចៅជំនាន់ក្រោយៗទៀត៕ដោយ៖ សុខុម