ភ្នំពេញ៖ តារាចម្រៀង ងួន ចាន់ដេវីត (G-Devith) បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃ កាលពីជាង១ខែមុន ខណៈលោក និងគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស បានជួបនូវរឿងរ៉ាវមិនចេះចប់មិនចេះហើយ ក្នុងមួយរយៈពេលប៉ុន្មានខែចុងក្រោយ ដែលអ្នកទាំងពីរតែងតែបង្ហាញពីភាពហ៊ឺហា ចូលហាងទិញគ្រឿងអលង្ការចំណាយម្តងៗអស់ខ្ទង់ពាន់ម៉ឺនដុល្លារ ជាពិសេសរថយន្តស៊េរីទំនើប ROLLS ROYCE GHOST ដែលលោកទិញជាកាដូជូន ទេព បូព្រឹក្ស ដែលនាំឲ្យមនុស្សមួយចំនួនហាក់មានចិត្តច្រណែនរហូតដល់ថ្នាក់មើលងាយថា «ឡានបង់រំលោះ ជីវិតតារាតែប៉ុណ្ណឹង» ជាដើម។
ជាមួយនឹងការសម្រេចចិត្តទៅបួសនេះ លោក ចាន់ដេវីត បានបកស្រាយជូនមហាជន និងអ្នកគាំទ្របានដឹងយ៉ាងដូច្នេះថា «ខ្ញុំក៏សូមបិណ្ឌបាតរាល់សេចក្តីស្អប់ សេចក្តីឈ្នានីសទាំងឡាយ មិនថាជាអ្នកគាំទ្រ មិនថាជាអ្នកស្អប់ សូមទទួលនូវបុណ្យកុសលដែលខ្ញុំបានសាងទាំងអស់គ្នា និងក៏សូមអហោសកម្មផងដែរនូវរឿងរ៉ាវទាំងឡាយដែលទាំងសេចក្តីស្អប់ ទាំងសេចក្តីឈ្នានីស ច្រណែនទាំងប៉ុន្មាននិងការជេរប្រមាថចំពោះរូបខ្ញុំ»។
ក្រោយទៅបួសដើម្បីរម្ងាប់នូវសេចក្តីស្ងប់ និងក៏ចង់ស្វែងយល់ដឹងពីផ្លូវព្រះពុទ្ធសាសនាបានមួយរយៈពេលខ្លី លោកក៏បានសម្រេចសឹកមកវិញ កាលពីពេលកន្លងទៅថ្មីៗនេះ។
ទោះយ៉ាងណា តារាចម្រៀងរ៉េបស្រុកខ្មែរវ័យក្មេងរូបនេះ គឺនៅតែជាទីចាប់អារម្មណ៍ពីសំណាក់មនុស្សមួយចំនួន ដែលហាក់ដូចចង់ដឹងពីខ្សែជីវិតរបស់លោកបច្ចុប្បន្នជាខ្លាំង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រាប់តែមានផេកហ្វ៊េសបុកមួយបានធ្វើការបង្ហោះរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ទាក់ទងរឿងលោកពាក់នាឡិកាតម្លៃខ្ទង់ម៉ឺនដុល្លារ ដោយបានសរសេរបញ្ជាក់ថា៖ «តារារ៉េបជនជាតិខ្មែរ G-Devith ថ្មីៗនេះត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃម៉ូត @Richardmille Iced out Model RM 11 03 ខ្សែពណ៌ក្រហមហើយមានតម្លៃជាង ២_______ ដុល្លារ សាកទាយតម្លៃទាំងអស់គ្នាមើល»។
ថាមែនៗ ក្រោយពីបានឃើញរឿងនេះកំពុងផ្ទុះឡើងល្បីពេញបណ្តាញសង្គមទៀត ស្រាប់តែសម៉ីខ្លួនលោក ចាន់ដេវីត បានចេញមុខបកស្រាយហាក់បន្ទាបខ្លួន តែក៏ចង់ឲ្យដឹងភ្លឺភ្នែកយ៉ាងដូច្នេះថា៖ «របស់ខ្ញុំ fake ផ្សារថ្មីទេបង គ្រាន់តែ costum ដាំពេជ្រលើក្បាលនាឡិកានៅ Seng Chenda fake ថា fake អត់មានបន្លំធ្វើ originalហើយពាក់live រាល់ថ្ងៃទេយាយ»។
ក្នុងនោះផងដែរ អ្នកលេងហ្វេសប៊ុកមួយចំនួន ក៏បានធ្វើការទស្សន៍ទាយពីតម្លៃនាឡិកាដាំពេជ្ររបស់ ចាន់ដេវីត ដោយខ្លះថាមានតម្លៃ ២០០ ដុល្លារ, ២ម៉ឺនដុល្លារ, ជាង២ម៉ឺនដុល្លារ និងចុងក្រោយ 15$ ប៉ុណ្ណោះ៕ ដោយ៖ លឹម ហុង