Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ​បានមក ពី​ការផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ ធ្វើ​ថ្នល់​មិនបាន​១​គីឡូ​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ បានស្នើ​សុំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ដែលមាន​រថយន្ត​ធំៗ ហើយ​ដឹក​លើស​ទម្ងន់
​សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍ កុំ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​ចែង ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុង​ការថែទាំ​ផ្លូវថ្នល់​។ ដោយ​លោក​បញ្ជាក់​បន្ថែមថា មិន​ចង់​ចាប់​រថយន្ត ហើយ​ធ្វើការ​ផាកពិន័យ ពីព្រោះ​លុយ​ដែល​បានមកពី​ការផាកពិន័យ​មាន​ចំនួន​តិចតួច ធ្វើ​ថ្នល់​មិនបាន​១​គីឡូម៉ែត្រ​ផង​។​

​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​បាន​ចរាចរណ៍​លើផ្លូវ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​សាធារណការ បាន​បង្កើត​គណៈកម្មកា​រ​មួយ​តាមដាន​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ហើយ​បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​នោះ​ជា​រៀងរាល់ថ្ងៃ និង​គ្មាន​អន្តរាគមន៍​ពី​នរណា​ឲ្យ​ដោះលែង​រថយន្ត​នោះទេ គឺ​បានន័យថា ឲ្យ​តែ​ដឹក​លើស​គឺ​មានតែ​ផាកពិន័យ​តាមច្បាប់ និង​រុះរើ​ទំនិញ​ចេញ​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​ពិធី​ប្រគល់​ស្ពាន​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បង្កើត​គណៈកម្មកា​រ​មួយទៀត សម្រាប់​ត្រួតពិនិត្យ ខុស​លក្ខណៈ​បច្ចេកទេស លើ​ទ្រុង​វែង ទ្រុង​ខ្ពស់ ហើយ​ក្រសួង​ចេះតែ​បន្តធ្វើ​កិច្ចការងារ​នេះ ជា​រៀងរហូត បើ​មិន​ដូច្នេះ​ទេ​រថយន្ត​ទាំងនោះ​នឹងធ្វើ​ឲ្យ​ខូច​ផ្លូវ​របស់​យើង ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​ដើម្បី​មក​កសាង​ផ្លូវ​អស់​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បើ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ធ្វើ​ឲ្យ​ខូ​ត​ខាត​ផ្លូវ រថយន្ត​ត​ទ្រុង​វែង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ កកស្ទះ​ចរាចរ​ជាដើម ហើយ​ក្រសួង​នឹង​បន្ត​តាមដាន ផាកពិន័យ​លើ​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ទាំងនោះ ។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ផាកពិន័យ​ទេ គឺ​ខ្ញុំ​សុំ​សំណូមពរ​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ សុំ​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ សុំ​មេត្តា​កុំ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​ចែង​ឲ្យ សុំ​កុំ​ត​ទ្រុង​ឡាន​វែង​លើស​ច្បាប់​អនុញ្ញាត ឬត​ទ្រុង​ខ្ពស់​ពេក​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ថែទាំ​ផ្លូវថ្នល់​របស់​ប្រទេសជាតិ​យើងទាំងអស់គ្នា បើ​មិន​ដូច្នេះ​ទេ យើង​មិនអាច​ចេះតែ​បន្ត​ចាប់យក​រថយន្ត​មក​ផាកពិន័យ ។ ខ្ញុំ​មិន​ចង់​ចាប់​រថយន្ត​នោះទេ ហើយ​ការផាកពិន័យ​យកមក​ធ្វើ​អ្វី ផាកពិន័យ​បាន​១០​ម៉ឺន​ដុល្លារ ២០​ម៉ឺន​ដុល្លារ យកមក​ធ្វើ​អ្វី ធ្វើ​ថ្នល់​មិនបាន​១​គីឡូម៉ែត្រ​ផង​ហ្នឹង ហើយ​សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​កុំ​ដឹកទំនិញ​លើស​ច្បាប់​កំណត់​”៕​ ​ដោយ​៖​ជាលី​

 

×