សៀមរាប៖ បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០រួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដែលបានសាងសង់លើដីចំណីផ្លូវកន្លងមក ដើម្បីឱ្យអាជ្ញាពាក់ព័ន្ធអនុវត្តការពង្រីក និងសាងសង់ផ្លូវទាំង ៣៨ខ្សែឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តសាស្ត្រ។
សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ ហើយអាជ្ញាធរខេត្តនឹងចារទុកសកម្មភាពនេះជាប្រវត្តិសាស្ត្រដែលជាប្រជាពលរដ្ឋគំរូល្អក្នុងសង្គមជាតិ។
ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអមដំណើរជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសអន្តរក្រសួង អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ជាមួយនឹងការចុះពិនិត្យខ្សែផ្លូវនៅក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីសិក្សាជម្រើសបច្ចេកទេសក្នុងការសាងសង់ និងកែលម្អឱ្យស្របទៅតាមស្តង់ដារបច្ចេកទេសនិងទំហំ។
ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងក៏ដូចជាអាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូនតាមការនិងស្របតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។ ម្យ៉ាងទៀត ការអនុវត្តគម្រោងនេះ មិនត្រឹមតែស្តារហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាព បរិស្ថានក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតឱ្យមកកំសាន្តខេត្តសៀមរាបឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិផងដែរ៕ដោយ៖កូឡាប