ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និងមហាជនទាំងក្មេងចាស់ជាច្រើនបានស្គាល់រួចហើយ តារាសម្តែងកញ្ញា Rose ដែលកំពុងមានឈ្មោះបោះសំឡេង និងជាពិសេសជាទីចាប់អារម្មណ៍ពីអ្នកពូកែចាំបាញ់ (ចំអកឡកឡាយឲ្យ) បន្ទាប់ពីរូបនាងបានជួបរឿងមិនល្អផ្ទួនៗ ដែលចុងក្រោយគឺរឿងថាឲ្យមីងម្នាក់នៅលើ Tik Tuk មិនស្គាល់ខ្លួន ហាក់ដូចមិនស្គាល់ក្រដាស 10$ ក្រដាស 20$ ឬ វិមានឯករាជ្យ ដែលធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គមបានឮហើយពិតជាគួរឲ្យហួសចិត្តជាខ្លាំង។
ងាកមកចាប់អារម្មណ៍ពីសម្ផស្សរបស់ Rose វិញ ឃើញថាស្រស់ស្អាតប្លែកមួយបែប ដោយមានទម្រង់មុខពងក្រពើ ថ្គាមខ្លា និងភ្នែកធំៗដូចកូនក្រមុំតុក្កតាជ័រ និងដើមទ្រូងដ៏ទ្រលុកទ្រលន់គួរឲ្យទាក់ទាញ។ ប៉ុន្តែ ទាស់ត្រង់ថា ទម្រង់ប្រឡង់ភ្នែករបស់នាងហាក់ខូងជ្រៅបន្តិច ដែលមើលទៅស្រទន់ស្លក់ស្ទើរគ្រប់ពេល ប្រៀបដូចជាមនុស្សគេងមិនគ្រប់ ព្រោះតែពិបាកចិត្តនឹងរឿងគេចាំតែចាប់កំហុស ឬយ៉ាងណានោះទេ។
ទាក់ទងនឹងបញ្ហានេះផងដែរ Rose ក៏ធ្លាប់បានធ្វើការបកស្រាយថា បងប្អូន សាច់ញាតិគ្រួសារ និយាយរួមពូជពង្សរបស់នាងគឺសុទ្ធតែមានទម្រង់ភ្នែកបែបនេះទាំងអស់គ្នាហ្នឹង មិនមែនភ្នែកខូងជ្រៅដោយសារគេងមិនគ្រប់គ្រាន់នោះទេ។
ក្រោយពីបានកត់សម្គាល់ឃើញថា សម្ផស្សរបស់ Rose នៅខ្វះត្រង់ចំណុចនេះ ថ្មីៗនេះ ម្ចាស់ហាងកែសម្ផស្សមួយ បានប្រកាសស្វែងរក Rose ដើម្បីកែទម្រង់ភ្នែករបស់នាងឲ្យកាន់តែស្រស់ស្អាតទាក់ទាញ ដោយឥតគិតថ្លៃ។
ក្នុងនោះ បើយោងតាមទំព័រហ្វេសប៊ុក D89 Beauty & academy បានបង្ហោះសារភ្ជាប់រូបរបស់ Rose ដោយបានប្រកាសថា៖ «ចង់កាត់ភ្នែកឲ្យចែ Rose ដល់ហើយ ព្រោះមើលទៅសឹមរហូត បើកាត់ប្រហែលសមនឹងទម្រង់មុខគាត់ជាងនេះ បងៗមានអ្នកណាស្គាល់ចែ Rose អត់ ប្រាប់ផងថា D89 កាត់ភ្នែកឲ្យគាត់ Free»៕ ដោយ៖ លឹម ហុង