បាត់ដំបង៖ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា កិច្ចប្រជុំ ដើម្បីពិនិត្យវាយតម្លៃលើការរៀបចំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (បញ្ជីឆ្នាំ២០១៩)និងការជំរុញដល់ការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋដល់ស្រុក-ក្រុង បណ្តាស្ថាប័នមន្ទីរអង្គភាពនិងរដ្ឋបាលមូលដ្ឋានឃុំ-សង្កាត់ ក្នុងខេត្តបាត់ដំបង ដើម្បីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យវាយតម្លៃលើការរៀបចំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(បញ្ជីឆ្នាំ២០១៩)កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ប៉ោ ទ្រីឌឿន ប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឯកឧត្តមសៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងមិនមែនសារពើពន្ធ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សូមស្នើដល់គ្រប់បណ្តាអង្គភាពអ្នកប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងអាជ្ញាធរដែលប្រើប្រាស់នូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ក្នុងខេត្ត ត្រូវចូលរួមសហការគាំទ្រ និងជំរុញដល់ការចុះបញ្ជីសារពើពន្ធឆ្នាំគោល(ឆ្នាំ២០១៩)នេះ ឲ្យបានទាន់ពេលវេលាតាមកាលកំណត់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កន្លងមកនេះការចុះបញ្ជីសម្រាប់ឆ្នាំ២០១៩នេះខុសពីបណ្តាឆ្នាំកន្លងទៅដែលមកដល់ពេលនេះខេត្តបាត់ដំបង ទើបតែអនុវត្តបានតែ២៥ភាគរយប៉ុណ្ណោះ ក្នុងចំណោម១៤ក្រុង-ស្រុក។ ទើបតែបាន១៤ភូមិប៉ុណ្ណោះ និងបណ្តាមន្ទីរអង្គភាព ដែលប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្នុងចំណោម២៦អង្គភាព ក្នុងនោះនៅសល់៦អង្គភាព ទៀតដែលមិនទាន់អនុវត្តបាន។ គោលបំណងនៃកិច្ចប្រជុំនេះគឺផ្តោតសារសំខាន់លើការរៀបចំ នូវ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (បញ្ជីឆ្នាំ២០១៩) និងការជំរុញដល់ការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ ដល់ស្រុក-ក្រុងស្ថាប័នមន្ទីរអង្គភាព និងរដ្ឋបាលមូលដ្ឋានឃុំ-សង្កាត់ ក្នុងខេត្តដែលកន្លងមកនេះ មានការយឺតយ៉ាវពីការរៀបចំនូវឯកសាររបស់ខ្លួន មកមន្ទីរជំនាញ។ កន្លងមកបញ្ជីសារពើពន្ធឆ្នាំគោល ធ្លាប់បានរៀបចំចំនួន៣ដងរួចមកហើយគឺនៅឆ្នាំ២០០៤ ឆ្នាំ២០០៩និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំ២០១៩ គឺជាឆ្នាំដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌនិងជាឆ្នាំគោលសាជាថ្មី ហើយដែលត្រូវជម្រុញដល់គ្រប់អង្គនៅថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩) ឲ្យបានរួចរាល់ត្រឹមបំណាច់ត្រីមាសទី១ក្នុងឆ្នាំ២០២០។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះវត្តមានរបស់ឯកឧត្តម សៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងមិនមែនសារពើពន្ធ ជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានកំណត់ពីវិធាននិងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើពន្ធទ្រព្យសម្បត្តិរដ្ឋ និងបានរៀបចំនូវប្រកាសមួយ ដើម្បីកំណត់ពីលក្ខណៈវិនិច្ឆ័យ នៃការបង្កើតអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងស្តីពីលក្ខខណ្ឌវិនិច្ឆ័យនៃការបង្កើតអង្គភាព ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ការអនុវត្ត ក្នុងការជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពស្ថាប័នមន្ទីររួមនិងអ្នកពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង ដែលចូលរួមនៅថ្ងៃនេះ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានជម្រុញដល់អាជ្ញាធរក្រុងស្រុក និងមូលដ្ឋានព្រមទាំងបណ្តាមន្ទីរអង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិនិង នីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តនូវរាល់ខ្លឹមសារនិងគោលការណ៍និងពីនីតិវិធី ដូចមានចែងក្នុងខ្លឹមសារ និងតាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញ និងវាគ្មិនដែលបានផ្តល់នូវបទឧទ្ទេស ធ្វើការពន្យល់បកស្រាយនៅថ្ងៃនេះ ដើម្បីយកទៅអនុវត្តនៅក្នុងស្ថាប័នអង្គភាពនិងមូលដ្ឋានផ្ទាល់៕ដោយ៖អ៊ុងសារុំ