ភ្នំពេញ៖ លោកតាៗធាក់ស៊ីក្លូប្រមាណ ៣០ នាក់ មានវ័យស្របាលចន្លោះពី ៦០ ឆ្នាំ ទៅ ៨០ ឆ្នាំ ដែលប្រកបរបរនេះតាំងពីសម័យដើមមក ត្រូវបានគ្រួសារសប្បុរសជនមួយ នាំទៅហូបអាហារប៊ូហ្វេជុំគ្នាយ៉ាងរីករាយបំផុត នៅផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
នេះជាលើកទី១ហើយ សម្រាប់មួយជីវិតរបស់ពួកគាត់ ដែលមិននឹកថាមានឱកាសដ៏ប្រពៃណីថ្លៃថ្លានេះទេ។ ពិតមែនហើយ ឃើញថាពួកគាត់ពិតជាបង្ហាញនូវអារម្មណ៍រំភើបរីករាយជាខ្លាំង ពេលឃើញទិដ្ឋភាពនៅក្នុងផ្សារទំនើប ដែលមានទំនិញលក់ដូរគ្រប់ប្រភេទ និងបរិយាកាសឡើងត្រជាក់ស្រេបតែម្តង ជាពិសេសពេលជិះជណ្តើរយន្ត ពួកគាត់ពិតជាភ័យខ្លាំងមែនទែន ព្រោះលើកទី១ខ្លាចមានគ្រោះថ្នាក់។ ប៉ុន្តែ ទោះយ៉ាងណា ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបពុំបាននោះទេ ដែលមានឱកាសបានស្គាល់ជណ្តើរយន្តទំនើបយ៉ាងនេះ។
ក្នុងនោះ បើតាមបងប្រុសជាសប្បុរសជនមានគណនីហ្វេសប៊ុកឈ្មោះ Long Arich បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកស្តីពីទិដ្ឋភាពនាំតាៗស៊ីឡើងផ្សារទំនើប និងភ្ជាប់សំណេរយ៉ាងដូច្នេះថា៖ «លោកតាស៊ីក្លូគាត់ថាលើកទីមួយហើយ គាត់ជិះជណ្តើរយន្តគាត់ភ័យខ្លាំងណាស់ ផែនដីតែមួយ ប៉ុន្តែខុសគ្នារវាងអ្នកមាន និងអ្នកក្រ»។
ក្រោយពីបានឃើញទិដ្ឋភាពដ៏កម្រនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវក្តីរំភើប និងកោតសរសើរចំពោះទឹកចិត្តរបស់បងប្រុសថា៖ «ប្រពៃណាស់បងប្រុស បានបុណ្យច្រើនណាស់បង, មើលហើយមានក្តីសុខណាស់ មិនដែលឃើញទេបង ទើបតែឃើញបងទេគំរូល្អណាស់ ជូនពរបងនិងចែជោគជ័យគ្រប់ភារកិច្ច សាធុ សាធុ»៕ ដោយ៖ លឹម ហុង