រឿងអាស្រូវដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ Miss Universe Thailand 2020 ត្រូវបានផ្ទុះឡើង ក្រោយត្រូវបានគេចោទប្រកាន់ថា មានអ្នកចាត់តែងក្នុងកម្មវិធី បានបញ្ចូលអ្នកស្គាល់គ្នាចូលរួមប្រកួត ដោយប្រាប់ពីរបៀបរបបការប្រឡង និងរឿងរ៉ាវផ្ទៃក្នុងរបស់ Miss Universe Thailand ទៅកាន់បេក្ខនារីដែលមកប្រឡងគ្មានសល់ ធ្វើឲ្យបេក្ខនារីនោះមានភាពលេចធ្លោ និងរៀបចំខ្លួនបានយ៉ាងឥតខ្ចោះក្នុងការប្រកួត។
ក្នុងនោះ បេក្ខនារីដែលជាទីចាប់អារម្មណ៍ខ្លាំង គឺកញ្ញា Chayathanus ‘Cheraim’ Saradatta ពាក់ស្លាកលេខ ៨២ ត្រូវបានរកឃើញថាលេចធ្លោជាងគេ ទាំងការឆ្លើយសំណួរ និងការរៀបចំខ្លួនយ៉ាងល្អឥតខ្ចោះក្នុងការប្រឡង ដែលទទួលបានការគាំទ្រយ៉ាងច្រើន រហូតឆក់បានឱកាសជាប់ទៅវគ្គផ្តាច់ព្រ័ត្រ ៣០ នាក់ចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
ព័ត៌មាននេះត្រូវបានគេរកឃើញ នៅពេលដែលលេខទូរស័ព្ទមួយនៅលើគណនី Instagram របស់ Cheraim ស្រាប់តែប្រែទៅជារបស់អ្នកចាត់ការរបស់នាងដែលក៏កំពុងធ្វើការឱ្យអ្នករៀបចំកម្មវិធី TPN 2018 ផងដែរ។
ការលាតត្រដាងនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង ដោយអ្នកចូលរួមប្រកួតប្រជែងនិយាយថា កញ្ញា Cheraim កំពុងឆ្លៀតយកប្រយោជន៍អយុត្តិធម៌មួយចំនួនដែលផ្ទុយនឹងច្បាប់ និងបទបញ្ញត្តិ របស់អ្នកចាត់ចែង។
ទាក់ទងនឹងបញ្ហានេះលោក Piyaporn Sankosik នាយកប្រតិបត្តិនៃកម្មវិធី TPN 2018 បានផ្តល់សេចក្តីថ្លែងការណ៍មួយថា “យើងផ្តល់ឱកាសឱ្យ Cheraim ឈប់ពីកម្មវិធីដោយខ្លួនឯង។ ប្រសិនបើនាងចាកចេញឥឡូវនេះ នាងនឹងមានឱកាសឡើងម្តងទៀតនៅឆ្នាំក្រោយ។ នេះមិនមែនជាការសម្រេចចិត្តដោយគ្មានបេះដូងនោះទេ ប៉ុន្តែខ្ញុំត្រូវតែរក្សាច្បាប់សម្រាប់ភាពជឿជាក់។ ប្រសិនបើនាងត្រូវបានលើកលែងតើខ្ញុំនឹងឆ្លើយយ៉ាងម៉េចទៅនឹងបេក្ខនារី ២៩ នាក់ផ្សេងទៀត?»។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ កញ្ញា Cheraim បាននិយាយអំពីភាពចម្រូងចម្រាស ហើយបានសារភាពថា នាង និងលោក Bank ជាមិត្តភក្តិ ព្រោះនាងជាតារាម៉ូដែលអាជីព ហើយគាត់គឺជាអ្នកគ្រប់គ្រងរបស់តារាល្បីៗជាច្រើននៅប្រទេសថៃ។ ទោះយ៉ាងណា នាងបញ្ជាក់ថា នាងមិនបានទទួលជំនួយពិសេសណាមួយពីលោក Bank ពេញមួយការប្រកួតនោះទេ ហើយមានសិទ្ធិរក្សាការប្រកួតប្រជែងនិងតស៊ូដណ្តើមយកពានរង្វាន់ដោយស្មើភាព។
នាងបាននិយាយថា “សូមកុំយកខ្ញុំចេញអី! ខ្ញុំមិនប្រកាន់ទេ ប្រសិនបើអ្នកមិនផ្តល់មកុដដល់ខ្ញុំ ប៉ុន្តែខ្ញុំសូមត្រឹមអាចឈានទៅប្រកួតនៅរាត្រីចុងក្រោយ ជាមួយមិត្តភក្តិរបស់ខ្ញុំបានទេ?»។
ជាមួយគ្នានេះផងដែរ មេធាវីរបស់នាងក៏បានបញ្ជាក់ថា នាយកជាតិត្រូវតែមានជំនាញខ្ពស់ ក្នុងការទទួលយកការសម្រេចចិត្តមួយនេះ ព្រោះថា Cheraim មិនមានគ្រួសារគាំទ្រទេ ហើយនាងបានរស់នៅដោយខ្លួននាងឯង និងធ្វើការជាគំរូដើម្បីចិញ្ចឹមជីវិតរបស់នាង៕ ដោយ៖ លឹម ហុង (ប្រភព៖ angelopedia)