ខេត្តព្រះសីហនុ៖ មនុស្សយើងខ្លះដែលមានការចេះដឹងគ្រាន់បើ តែមានពេលខ្លះក៏ភ្លេចខ្លួន ព្រោះតែអំនួតចង់ឲ្យឃើញថាខ្លួនអស្ចារ្យ នៅលើបណ្តាញសង្គម ក៏ធ្វើនូវរឿងផ្ទុយច្បាប់ហាមឃាត់ ដែលនាំទុក្ខដាក់ខ្លួន។
ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ បន្ទាប់ពីបានព័ត៌មាន និងក៏ដូចបានឃើញវីដេអូឃ្លីបជាក់ស្តែង បង្ហាញពីសកម្មភាពលោកបាញ់កាំភ្លើងខ្លីចំនួន៣គ្រាប់ ដោយអះអាងថាជាការស្តារកាណុង ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយរឿងដ៏មិនគួរគប្បីធ្វើនេះបានកើតឡើង លោក ខាន់ សុវណ្ណ ក៏បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា៖ «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ចត្រូវការកោះហៅរូបខ្ញុំនៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺតាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»៕ ដោយ៖ លឹម ហុង