សារព័ត៌មានស៊ីនហួររបស់ចិន បានចុះផ្សាយនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះឲ្យដឹងថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីកំរិត ៦.៤ រិចទ័រ នៅក្នុងទីក្រុង Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ បានកើនដល់ ១០ នាក់ហើយ ខណៈមនុស្ស ២៧២ នាក់ រងរបួស និង ៧ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ។
បើតាមក្រុមអ្នកជួយសង្រ្គោះ នោះជនរងគ្រោះចំនួន ៤ នាក់ ដែលជាភ្ញៀវទេសចរមកពីចិនដីគោក ដែលក្នុងនោះ ៣ នាក់ក្នុងចំណោមពួកគេជាស្ត្រី ត្រូវបានសង្គ្រោះទាញចេញពីគំនរបាក់បែក នៃអគារជាន់ទី២ Yun Men Tusi Ti កាលពីទី៨ កុម្ភៈ ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ក៏បានរាយការណ៍ឲ្យដឹងបន្ថែមថា អ្នករងរបួសក្នុងគ្រោះរញ្ជួយដីនេះ បានកើនដល់ ២៧២ នាក់ និង ៧នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួន ខណៈប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តឈានដល់ថ្ងៃទី៣ហើយ ។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះ បានបណ្តាលឲ្យអគារយ៉ាងតិចចំនួន ៤ ស្ថិតក្នុងស្រុក Hualin ដែលរងការវាយប្រហារដ៏ធ្ងន់ធ្ងរ ឡើងរលើងគ្រឹះ និងទ្រេតគួរឲ្យគ្រោះថ្នាក់បំផុត ។ ដែលនេះជាគ្រោះរញ្ជួយដីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត នៅទីក្រុង Hualien ក្នុងរយៈពេលជាង ៥ទសវត្សរ៍ មកនេះ ៕ ចន្ទី