ភ្នំពេញ៖លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ទើបតែងតាំងប្រចាំនៅប្រទេសកម្ពុជា បានថ្លែងដូចនេះ ក្នុងពេលដឹកនាំប្រតិភូស្ថានទូតអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានធ្វើឡើងក្នុងជំនួប កាលព្រឹកថ្ងៃទី១ ខែ តុលា ឆ្នាំ២០២០នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ី បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងលឿនខុសពីមុន។ ក្នុងការជំរុញកម្ពុជាចូលក្នុងទីផ្សារថ្មី លោកទូតថា រុស្ស៊ីគាំទ្រដល់កម្ពុជា ក្នុងការចូលរួមចរចាក្នុងសម្ព័ន្ធនៃសេដ្ឋកិច្ចរវាងអាស៊ីនិងអឺរ៉ុប។ ក្នុងសម្ព័ន្ធនេះ រុស្ស៊ីជាតួអង្គសំខាន់ដែលបានគាំទ្រកម្ពុជា ឲ្យបានចូលរួមក្នុងសម្ព័ន្ធនេះ ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសនៅអឺរ៉ុប។
ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកជម្រាបជូនលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីថា កម្ពុជានិងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងជាច្រើនតាំងពីអតីតទូតរុស្ស៊ី ដែបានចប់អាណត្តិនៅប្រទេសកម្ពុជា ដោយបានលើកឡើងដោយត្រង់ថា ការមានកិច្ចព្រមព្រៀងកាន់តែច្រើន វាពិតជាល្អទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនត្រូវគិតតែពីការចុះហត្ថលេខា លើអនុស្សរណៈនោះទេ តែត្រូវខិតខំពង្រីកបន្ថែមនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈទំហំពាណិជ្ជកម្មនៅមានកំរិតទាប ដោយជំរុញកាវិនិយោគទុន ទស្សនកិច្ចធុរជន ការបង្កើនចំនួនទេសចរណ៍ ទោះបីសម័យកូវីដ១៩ តែអាចជួបតាមប្រព័ន្ធវីដេអូ ហើយក្រោយកូវីដ១៩ចប់យើងអាចអនុវត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងអំណរគុណដល់រុស្ស៊ី ដែលបានផ្តល់ឧបករណ៍សុខាភិបាល មកដល់កម្ពុជាប្រឆាំងវីរុសកូវីដ១៩ និងអបអរសាទររុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងឈ្មោះស្ពូនិចវី ដែលបានចុះបញ្ជីក្នុងក្រសួងសុខាភិបាលរុស្ស៊ីរួចហើយ។ ក្នុងនោះកម្ពុជាសង្ឃឹមថា នឹងទទួលបានផលប្រយោជន៍វ៉ាក់សាំងនេះផងដែរ៕ ដោយ៖ឡេង បញ្ញាឬទ្ធិ