ភ្នំពេញ៖ ដូចដឹងស្រាប់ហើយ ផ្ការំដួលនិងផ្លែត្នោត គឺជាអត្តសញ្ញាណជាតិរបស់ខ្មែរយើង ហើយត្រូវបានទទួលស្គាល់ទូទាំងពិភពលោកអំពីគុណប្រយោជន៍ អត្ថន័យនិងភាពវ័យចំណាស់ ដែលគ្រប់គ្នាអាចសម្គាល់បានថា បើអ្នកនិយាយអំពីផ្ការំដួលនិងផ្លែត្នោត គឺសំដៅលើប្រទេសកម្ពុជា។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះស្រាប់តែប្រទេសថៃដែលជាប្រទេសភូមិផងរបងជាប់និងកម្ពុជា ហើយព្រមទាំងមានវប្បធម៌ប្រពៃណីស្រដៀងនឹងយើងផងនោះ បានថតខ្សែភាពយន្តភាគមួយដែលមានចំណងជើងថា (លង់ស្នេហ៍កញ្ញាចុងភៅ) ដែលសាច់រឿងបានធ្វើឲ្យអ្នកទស្សនាកម្ពុជាមានចម្ងល់យ៉ាងខ្លាំង ដោយសារបានយក ផ្ការំដួលនិងផ្លែត្នោតរបស់ខ្មែរធ្វើជាប្រធានបទសំខាន់នៅក្នុងរឿង។
ក្នុងរឿងនោះតួឯកស្រីមានឈ្មោះបុស្បា គឺជាបេក្ខភាពត្រូវចូលរួមប្រឡងក្នុងកម្មវិធីម្ហូបអាហារល្បីមួយ ហើយអំឡុងពេលនៃការប្រឡងនោះតួរឯកស្រីត្រូវរងការវាយប្រហារ និងការប្រើល្បិចគ្រប់យ៉ាងពីសំណាក់ដៃគូរប្រគួតប្រជែង រហូតបាក់ទឹកចិត្តស្ទើរបោះបង់ការប្រកួត។ តែចុងក្រោយនាងមានកម្លាំងចិត្តឡើងវិញ ដោយសារតួរប្រុសបានស្វះស្វែងរកផ្ការំដួលដែលជាប្រភពកម្លាំងចិត្តរបស់នាងមកឲ្យទាន់ពេល។
មិនត្រឹមតែប៉ុន្នោះមុខម្ហូបដែលធ្វើឲ្យនាងអាចឆ្លងផុតវគ្គប្រកួតដ៏លំបាកនោះគឺ សម្លកកូរត្នោតនិងនំបញ្ចុក ដែលធ្វើឲ្យអ្នកទស្សនាកម្ពុជាយើងរឹតតែឆ្ងល់ ព្រោះនំបញ្ចុករបស់ខ្មែរយើងមានប្រវត្តិជាយូរយារណាស់មកហើយ ថែមទាំងបានស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិថែមទៀតផង។
យ៉ាងណាក៏ដោយយើងក៏មិនទាន់ដឹងច្បាស់ អំពីមូលហេតុក៏ដូចជាចេតនាដែលនាំឲ្យផលិតកររបស់ថៃ បង្កើតសាច់រឿងនេះមកដែរ៕ ដោយ៖ កូលាប ក្រហម