ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយមានការចូលរួមពីសំណាក់ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្ត សម្ដេច មហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិករដ្ឋសភា អង្គទូត តំណាងដៃគូអភិវឌ្ឍ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគាំពារសង្គម អភិបាល នៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ, សហគមន៍, អាណាព្យាបាល និងសិស្សនុសិស្ស។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិត បានអញ្ជើញទស្សនាផ្ទះបាយសាលារៀន ឃ្លាំងស្តុកស្បៀង ពិព័រណ៍កសិផលស្រស់ៗរបស់កសិករក្នុងសហគមន៍ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ការផ្តល់អាហារតាមសាលារៀន និងផ្តល់ជាកិត្តិយសជាពិសេសក្នុងការដួសបាយអាហារពេលព្រឹកសម្រាប់សិស្ស ក៏ដូចជាទស្សនាស្នាដៃសិប្បកម្មរបស់សិស្សនៃសាលាបឋមសិក្សាប្រាសាទជាងទង។
តាមរយៈសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងវត្តមានរបស់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការអញ្ជើញទស្សនកិច្ចដោយផ្ទាល់ដល់ទីតាំងសាលារៀននាឱកាសនេះ។ ខ្ញុំសូមជម្រាបរាយការណ៍ជូនអង្គពិធីទាំងមូលអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលបានចាប់អនុវត្តតាំងពីឆ្នាំ១៩៩៩ រហូតមក ដោយបានរំលេចពី សាវតាកម្មវិធី, ដៃគូសំខាន់ៗនៃការអនុវត្តកម្មវិធីអាហារតាមសាលារៀន រួមមានសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ, យុទ្ធសាស្ត្រផ្ទេរកម្មវិធីអាហារតាមសាលារៀន និងកម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា និងផលជះពហុវិស័យ។ កម្មវិធីផ្ដល់អាហារតាមសាលារៀន និងអាហារូបករណ៍ គឺជាយន្តការសង្គមដ៏សំខាន់មួយក្នុងការគាំទ្រដល់ការសិក្សា សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ជាពិសេសកុមារដែលរស់នៅតំបន់ជនបទ និងគ្រួសារក្រីក្រ ហើយក៏ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ ដើម្បីជំរុញបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
មានប្រសាសន៍ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានឱ្យដឹងថា ទស្សនកិច្ចនេះ បានផ្តល់ឱ្យនូវរូបភាពដ៏គួរឱ្យរំភើបអំពីរបៀបដែលអាហារតាមសាលារៀនជួយដល់ការលូតលាស់របស់កុមារ គាំទ្រដល់កសិករក្នុងសហគមន៍ និងការរួបរួមគ្នារបស់សហគមន៍ ដើម្បីអភិវឌ្ឍសង្គមរយៈពេលវែង ដោយបានរំលេចនូវការប្តេជ្ញាចិត្តរួមគ្នាពង្រីកកម្មវិធីនេះ ដើម្បីឱ្យកុមារគ្រប់រូបនៅកម្ពុជាអាចលូតលាស់បានល្អ និងគ្រួសារនៅតាមជនបទអាចទទួលបានអត្ថប្រយោជន៍ពីឱកាសទីផ្សារកសិកម្មដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ កន្លងមក លោកជំទាវបណ្ឌិត បានបំផុសចលនា «យើងរួមគ្នាដើម្បីជាតិ» ដោយបានណែនាំឱ្យសមាជិកានៃសាខាកាយឫទ្ធិនារីកម្ពុជាទាំងអស់ ចូលរួមដាំបន្លែនៅតាមសាលារៀន ឬនៅលើដីសហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសជិតខាង។ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីភាគីពាក់ព័ន្ធ បានយកចិត្ដទុកដាក់យ៉ាងហ្មត់ចត់ក្នុងការអនុវត្ដកម្មវិធីនៅទូទាំងប្រទេស និងបានគិតគូររៀបចំឱ្យមានកន្លែងអប់រំសមរម្យ ទាំងនៅតំបន់សុវត្ថិភាព និងមណ្ឌលភៀសសឹក។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តកម្មវិធីនេះបន្ថែមទៀត លោកជំទាវបណ្ឌិត បានផ្ដល់អនុសាសន៍មួយចំនួន ដូចជា៖ (១) សូមប្រើប្រាស់កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើកសិផលសហគមន៍ ជាវេទិកាដែលផ្សារភ្ជាប់អាហាររូបត្ថម្ភនិងការសិក្សារបស់កុមារ (២) សូមលើកទឹកចិត្តឱ្យសាលារៀនបន្តអនុវត្តកម្មវិធីនេះ ដើម្បីគាំទ្រដល់ការចូលរៀន និងការមករៀនឱ្យបានទៀងទាត់ និងជួយឱ្យកុមារផ្ដោតអារម្មណ៍លើការសិក្សាកាន់តែល្អប្រសើរ (៣) សូមប្រើកម្មវិធីនេះដើម្បីបង្កើតបរិយាកាសអាហារប្រកបដោយសុខភាព និងមានសុវត្ថិភាពនៅតាមសាលារៀន ដោយកុមារទទួលបានអាហារល្អ កាត់បន្ថយអាហារដែលមានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ (៤) សូមលើកទឹកចិត្តឱ្យសាលារៀនផ្សារភ្ជាប់កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាគ្រឹះក្នុងការបណ្ដុះទម្លាប់ឱ្យសិស្សហូបអាហារដែលមានសុវត្ថិភាព ហើយបន្ទាប់ពីបរិភោគអាហាររួចចូលទៅក្នុងថ្នាក់រៀន សូមលោកគ្រូអ្នកគ្រូ ឆ្លៀតពេល ពន្យល់អំពីធាតុផ្សំក្នុងអាហារ និងអត្ថប្រយោជន៍របស់អាហារ ដែលជួយទ្រទ្រង់ដល់ការលូតលាស់របស់កុមារ។
តាងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការអនុវត្ត “កម្មវិធីល់ផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍” ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ កម្មវិធីស្បៀងអាហារពិភពលោក ក្រសួងកសិកម្មសហរដ្ឋអាមេរិក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លោកស្រីភារធារីស្ថានបេសកកម្មទូតសហរដ្ឋអាមេរិក ដៃគូអភិវឌ្ឍន៍ និងភាគីម្ចាស់ជំនួយទាំងអស់ ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាពស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សម្រេចបានតាមគោលនយោបាយជាតិគាំពារសង្គម និងឆ្លើយតបទៅនឹងសម្ព័ន្ធភាពគោលនយោបាយសកលនៃការផ្ដល់អាហារតាមសាលារៀន។
ក្នុងគោលដៅបន្តចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា នាឱកាសនេះដែរ លោកជំទាវបណ្ឌិត បានទទួលតួនាទី ជាប្រធានកិត្តិយសកម្មវិធីផ្តល់អាហាតាមសាលារៀន ចាប់ពីថ្ងៃនេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី































