Wednesday, February 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ ក្រសួងធនធានទឹក កំពុងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវ “សន្តិសុខទឹក” ជាអតិបរមា ជាពិសេសការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំង

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Nianshan Zhang អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈប្រតិភូ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីអាទិភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមក្នុងវិស័យធនធានទឹកនៅកម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុណ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក Nianshan Zhang ដែលត្រូវបានតែងតាំងជាអគ្គនាយកថ្មី ព្រមទាំងបានថ្លែងអំណរគុណដល់ ADB ដែលជានិច្ចកាលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូអំពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់យក “ទឹក” ជាវិស័យអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកមានតួនាទីដ៏សំខាន់សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចពហុវិស័យ មិនមែនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ដែលក្នុងនោះក្រសួងកំពុងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវ “សន្តិសុខទឹក” ជាអតិបរមា ជាពិសេសការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំង។

តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីកសាងទំនាក់ទំនងវិជ្ជមាន និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងការវិនិយោគបច្ចុប្បន្ន និងអនាគត ជាពិសេសការស្វែងយល់កាន់តែស៊ីជម្រៅពីអាទិភាព និងបញ្ហាប្រឈមសំខាន់ៗរបស់ក្រសួង។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងវិនិយោគមួយចំនួន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលរួមមាន៖ ទី១)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC) ទី២)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ទី៣)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និងទី៤)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានចម្រុះជំហានពីរ(SIWRMP) ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×