ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិង បារាំងឲ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ។
ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបាន អនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពល្អប្រសើរ ឯកឧត្តមក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។
សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះ ដែលជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។ កន្លងទៅនេះ សម្ដេច និងឯកឧត្តម អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាមិត្តដ៏ជិតស្និតជាមួយគ្នា ដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ។ សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois
ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរ ដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍នានា។ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
ឯកឧត្តម Thomas Lam
បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយឯកឧត្តមក៏បានរំលេចថា ឯកឧត្តមផ្ទាល់ និងប្រតិភូ នឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយឯកឧត្តមបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម
Thomas Lam និងប្រតិភូឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















