ផ្សារផ្លូវដែកម៉ៃឡុង (Maeklong) គឺជាទីផ្សារបែបប្រពៃណីរបស់ថៃដែលលក់បន្លែស្រស់ៗ អាហារ និងផ្លែឈើ ដែលមានទីតាំងស្ថិតនៅខេត្តសាមុតសុងក្រាម ភាគនិរតីនៃទីក្រុងបាងកក។ តែអ្វីគួរឲ្យស្រៀវសាច់នោះ គឺថាទីផ្សារនេះបានកាន់កាប់ផ្នែកមួយនៃខ្សែរថភ្លើងតែម្តង។
បើតាមអាជីវករលក់ដូរម្នាក់បានប្រាប់ឲ្យដឹងថា រថភ្លើងរត់ឆ្លងកាត់ផ្សារនេះចំនួនពីរបីដងក្នុងមួយថ្ងៃ ហើយមានឱកាសពីរបីនាទីមុនពេលរថភ្លើងមកដល់ អ្នកលក់ទាំងអស់នាំគ្នាទម្លាក់ឆត្ររបស់ពួកគេចុះ ហើយរើអីវ៉ាន់មួយចំនួនចេញពីផ្លូវរថភ្លើង។
ចំណែក អីវ៉ាន់នៅសល់ខ្លះ ត្រូវទុកនៅលើដីដោយឲ្យរថភ្លើងបើកឆ្លងកាត់ពីលើ។ ប្រសិនអ្នកមើលជាក់ស្តែង នោះអ្នកគិតថាអ្វីៗនឹងខ្ទេចអស់ហើយ តែតាមពិតទៅ វាពិតជាអស្ចារ្យណាស់ ព្រោះថាអ្វីៗពុំបានរងការខូចខាតនោះទេ។ ហើយភ្លាមៗបន្ទាប់រថភ្លើងឆ្លងកាត់រួច ក្រុមអ្នកលក់រើអីវ៉ាន់ក៏បានវិលត្រឡប់មកលក់នៅលើផ្លូវដែកវិញ ហើយបន្តលក់ដូរដូចធម្មតា (រហូតដល់រថភ្លើងបន្ទាប់មកដល់)។
ផ្សារផ្លូវដែកម៉ៃឡុង មានចម្ងាយដែលត្រូវធ្វើដំណើរប្រហែល ១ ម៉ោង ពីភាគនិរតីនៃទីប្រជុំជនទីក្រុងបាងកក។ អ្នកអាចធ្វើដំណើរទៅកាន់ផ្សារដោយជិះរថភ្លើងពីស្ថានីយ៍ Wongwian Yai ក្នុងទីក្រុងបាងកក នៅម៉ោង ៦ និង ៤៥ នាទីព្រឹក នោះខ្សែផ្លូវដែកម៉ៃឡុងនឹងនាំអ្នកត្រង់ផ្សារតែម្តង។ អ្នកអាចចុះនៅស្ថានីយ៍ចុងក្រោយ ហើយដើរតាមផ្លូវរថភ្លើងប្រហែល ៥ នាទី ដើម្បីទៅដល់ទីផ្សារក្នុងស្រុក៕ ដោយ៖ លឹម ហុង