ភ្នំពេញ៖ ផ្អកត្រីប្រា គឺជាមុខអាហារមួយប្រភេទ ដែលបងប្អូនប្រជាជនខ្មែរយើងទូទៅ និយមចូលចិត្តទទួលទាន ដោយយកមកចំហុយយ៉ាងឈ្ងុយ ជ្រលក់ហូបជាមួយបន្លែស្រស់ៗដូចជាត្រសក់ ត្រាប់ និងបន្លែអន្លក់ផ្សេងៗទៀតដែលបងប្អូនចូលចិត្ត។
ដោយឡែក ក្រឡេកមើលទីតាំងសិប្បកម្មធ្វើត្រីប្រានេះវិញ នោះបងប្អូនដែលចូលចិត្តទទួលទាន ឃើញហើយសួរថាតើចង់ទិញហូបទៀតដែរឬទេ ព្រោះថាគេប្រើសុទ្ធតែប៉ែលចូកក្រឡុកផ្ទាល់នឹងកម្រាលសាបស៊ីម៉ងត៍បែបនេះ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «សុផាន់ណា អ្នកចូលចិត្តផុស» បានចែករំលែកវីដេអូបន្តបង្ហាញពីទិដ្ឋភាពធ្វើផ្អកត្រីប្រានេះ ដោយសម្តែងការហួសចិត្តយ៉ាងដូច្នេះថា៖ «មួយកន្លែងទៀតហើយ នេះជារបៀបធ្វើផ្អកត្រីប្រាកន្លែងអត់មានអនាម័យទេ មុនទិញសូមពិនិត្យកន្លែងផង ប្រយ័ត្នចំផ្អកគីមី ដាក់បារ៉ត ឬដាក់ម្សៅលាក់ក្រហមខូចសុខភាពណាបងប្អូនៗ ចូកកាយៗ អត់ដឹងដោយអីខ្លះទេ ។ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ថ្មីៗពិតៗ»។
ក្រោយពីបានឃើញគេធ្វើផ្អកត្រីប្រាទាំងតោនគ្មានអនាម័យបែបនេះ អ្នកនិយមលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិហួសៗចិត្តថា «អ្នករកស៊ីគ្មានសីលធម៌ក្នុងខ្លួន ដើម្បីតែលុយមួយមុខ ទោះបីប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងណា ក៏មិនខ្វល់, នៅបាត់ដំបងក៏គេធ្វើចឹងដែរជេៗ អូនធ្លាប់ឃើញនៅមុខៗម៉ង, ខំគាំទ្រផលិតផលខ្មែរ តែខកចិត្តអស់….»។
ជាមួយគ្នានេះផងដែរ គេក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធ សូមចុះទៅពិនិត្យមើលផង ដោយណែនាំម្ចាស់សិប្បកម្មធ្វើផ្អកត្រីប្រា គួរប្តូរយកប៉ែលចូលប្រឡាក់គ្រឿងនៅលើកម្រាលសាប មកដាក់លើតង់ ដែលប្រហែលជាមានអនាម័យជាង៕ ដោយ៖ លឹម ហុង