ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីល្បាញលោក ជួង ជី ហៅនាយ កុយ បើទោះជាពេលនេះ លោកមានវ័យកាន់តែច្រើនយ៉ាងណាក្តី តែលោកនៅតែមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់អ្នកប្រិយមិត្តទស្សនិកជនមិនថាក្មេង ឬ ចាស់។
បើទោះជាអាជីពកំប្លែងរបស់លោក និងក៏ដូចក្រុមកំប្លែងដទៃ នៅតាមស្ថានីយ៍ទូរទស្សន៍នានាបានធ្លាក់ចុះមិនដូចមុន តែសម្រាប់តារាកំប្លែងជើងចាស់ នាយកុយ នៅតែជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយនៅតែចង់ឃើញរូបលោកឡើងសម្តែងកំប្លែងឲ្យមើលរហូត។ ពិតមែនហើយ បច្ចុប្បន្ននេះ អាជីពជាតារាកំប្លែងរបស់លោកនៅតែជាប់រវល់រហូតហ្នឹង ក្នុងនោះដូចជាទទួលលេងកំប្លែងកាត់សក់ និងលេងល្ខោនតាមពិធីបុណ្យទានជាដើម។
ដោយឡែក ថ្មីៗនេះ តារាកំប្លែងជើងចាស់រូបនេះ បានធ្វើឲ្យហ្វេនៗនៅលើហ្វេសប៊ុកនាំគ្នាភ្ញាក់ព្រឺត និងលាន់មាត់សរសើរជាខ្លាំង ក្រោយពីបានឃើញលោកឡាយច្រៀងចម្រៀងឆ្លងឆ្លើយពីដើមៗជាច្រើនបទដ៏កម្រ នៅឯស្រុកកំណើតរបស់លោកស្រុកស្អាង (ព្រែកតូច) ដើម្បីចែកជូនបងប្អូនកូនក្មួយស្តាប់កម្សាន្ត និងក៏ដូចបំបាត់ការអផ្សុកផងដែរ។
ក្នុងនោះផងដែរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានចូលខមិនសរសើរដល់នាយកុយ ថា ប៉ាកុយ ឬពូកុយ នៅតែក្មេង ហើយច្រៀងក៏ពីរោះទៀត និងក៏ជូនពរឲ្យលោកមានអាយុកាន់តែវែងផងដែរ៕ ដោយ៖ លឹម ហុង