ភ្នំពេញ ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ បាន ទូទាំងសកលលោក បានធ្វើឲ្យការធ្វើដំណើរទៅព្យាបាលជំងឺ នៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា មិនអាចធ្វើទៅបាន ដោយងាកមករកសេវាកម្មព្យាបាលជំងឺនៅក្នុងុប្រទេស និងធ្វើឱ្យមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជននានា ទទួលបានអតិថិជនច្រើនលើសលុបពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកជំនាញ បានអះអាងថា សេវាកម្មព្យាបាលជំងឺក្នុងស្រុក ទទួលការគាំទ្រកើនឡើងពីសំណាក់ប្រជាជនកម្ពុជា។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺនៅគ្លីនិករបស់លោក មានការកើនឡើងពី៥ទៅ៦ដង បើធៀបនឹងពេលមុន ដែលមិនទាន់មានការផ្ទុះឡើង នៃជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋកម្ពុជា មកទទួលការព្យាបាលច្រើន មានន័យថា ពួកគាត់ទុកចិត្ត ចំពោះសេវាព្យាបាលនៅក្នុងប្រទេស ហើយដើម្បីឆ្លើយតបទៅតាមតម្រូវការ និងការជឿទុកចិត្ត លោកនិងខិតខំជាមួយក្រុមការងារ ស្រាវជ្រាវរបកគំហើញថ្មីៗ ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសេវាកម្មព្យាបាលក្នុងស្រុក ដើរទាន់នូវការវិវឌ្ឍន៍នៃជំងឺថ្មីៗ ដែលបានកើតមានឡើង។
គួរបញ្ជាក់ថា កម្ពុជា បានបាត់បង់ទឹកប្រាក់ច្រើនរយលានដុល្លារ ដោយសារការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។ ប្រជាជនកម្ពុជា ប្រមាណជាង ១លាននាក់ បានធ្វើដំណើរទៅបរទេស ក្នុងគោលបំណងពិនិត្យ ព្យាបាលជំងឺ និងវិស្សមកាលជាដើម។ ពលរដ្ឋខ្មែរភាគច្រើន ធ្វើដំណើរទៅកាន់ប្រទេសថៃ សិង្ហបុរី និងវៀតណាម។ កន្លងទៅក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានបង្ហាញថា ប្រទេសថៃទទួលបានកំណើនប្រជាជនកម្ពុជាក្នុងមួយឆ្នាំចំនួនប្រមាណជាង ២២ម៉ឺននាក់ ដែលមកពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ៕
ដោយ៖CEN