នៅក្នុងសារតាមប្រព័ន្ធ Twitter កាលពីវេលាម៉ោងជិត ១២ ថ្ងៃត្រង់ ដែលត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងភរិយារបស់លោកដែលជាស្ត្រីទី១ គឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានបញ្ជាក់ថា ពួកគាត់ទាំងពីរត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ។ លោកបន្ថែមថា រូបលោក និងភរិយា នឹងចាប់ផ្តើមដំណើរការនៅដាច់ដោយឡែកពីគ្នា។
លោកប្រធានាធិបតី បានធ្វើការអះអាងថា ពួកគាត់ទាំងពីរនឹងឆ្លងផុតបញ្ហានេះជាមួយគ្នានាពេលឆាប់ៗខាងមុខផងដែរ។ ហើយលោកក៏មានគម្រោងនឹងដាក់ខ្លួននៅដាច់ដោយឡែក បន្ទាប់ពីនាយកទំនាក់ទំនងគឺលោកស្រី Hope Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19, នេះបើយោងតាមសារព័ត៌មាន CNN។
សូមបញ្ជាក់ថា ដើមចមដែលនាំឲ្យលោក ដូណាល់ ត្រាំ និងភរិយា ឆ្លងវីរុសនេះ គឺដោយសារតែលោកស្រី Hicks បានធ្វើដំណើរជាមួយលោកច្រើនដងក្នុងពេលថ្មីៗនេះ និងរួមទាំងការជជែកវែកញែកទល់មុខគ្នា នៅទីក្រុង Cleveland កាលពីថ្ងៃអង្គារ និងត្រូវបានគេមើលឃើញថា កំពុងជិះយន្តហោះ Marine One រួមជាមួយជំនួយការជិតដិតបំផុតជាច្រើនរូបរបស់ប្រធានាធិបតីផងដែរ។ លោក Trump បានដាក់ការសង្ស័យថា លោកស្រី Hicks អាចឆ្លងវីរុស Covid-19 បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកគាំទ្រម្នាក់៕ ដោយ៖ លឹម ហុង (ប្រភព៖ worldofbuzz)