រថយន្តស៊េរីទំនើប១គ្រឿង ដែលគ្របដណ្តប់ទៅដោយដីភក់ និងស្មៅ នៅពេលនេះបានល្បីយ៉ាងខ្លាំងតែម្តង បន្ទាប់ពីវាបានកំពុងចរាចរនៅតាមបណ្តាផ្លូវជាច្រើន នៅក្នុងទីក្រុងប៉ាតាយ៉ា និងខេត្ត Chonburi ខណៈម្ចាស់ក៏បានសន្យានឹងមិនលាងទឹករថយន្តរបស់ខ្លួនទៀតឡើយ។
កាសែតភាសាថៃ Khaosod បានរាយការណ៍កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា រថយន្តស៊េរីទំនើប១គ្រឿងដ៏ចម្លែកនេះ បានកំពុងចរាចរនៅតាមបណ្តាដងផ្លូវ នៅក្នុងស្រុក Bang Lamung ខេត្ត Chonburi។ អ្នកស្រុក និងភ្ញៀវទេសចរ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរថយន្តពណ៌សស៊េរីទំនើបនេះ គ្របដណ្តប់ដោយភក់ និងស្មៅ បើកបរនៅលើដងផ្លូវបែបនេះ។
ដំបូង ពួកគេគ្រាន់តែយល់ច្រឡំ ប៉ុន្តែ ក្រោយមក ក៏មានក្រុមមនុស្សជាច្រើនបានចាប់ផ្តើមសុំម្ចាស់ថតរូបជាមួយរថយន្តរបស់គាត់តែម្តង។ ម្ចាស់រថយន្តនេះបានបង្ហើបឲ្យដឹងថា គាត់មានគំនិតបែបនេះ គឺនៅថ្ងៃឈប់សម្រាកពីការងារ។
លោក Prasert Panuekthong ដែលជាម្ចាស់រថយន្ត មកពីខេត្ត Rayong បានបញ្ជាក់ឲ្យដឹងទៀតថា គាត់ជាម្ចាស់ការ៉ាស់លក់រថយន្តជជុះ និងអាផាតមិនមួយកន្លែងនៅក្នុងខេត្ត Rayong។ សព្វថ្ងៃនេះ គាត់នៅលីវ ពុំទាន់មានគ្រួសារ ឬ កូននោះទេ ព្រោះគាត់រីករាយជីវិតរស់នៅម្នាក់ឯង។
Prasert ក៏បានបញ្ជាក់ផងដែរថា គាត់គឺជាមនុស្សចម្លែកម្នាក់ ដែលចូលចិត្តធ្វើនូវអ្វីដែលមិនធម្មតា។ នៅថ្ងៃសម្រាកពីការងារ គាត់បានប្រមូលដីភក់មកប៉ាតលើរថយន្តទាំងមូលរបស់គាត់ ដោយមានមិត្តភក្តិជួយផងដែរ។ គាត់ផ្តើមគំនិតដ៏កខ្វក់នេះឡើង គឺដើម្បីចង់ឲ្យមនុស្សជុំវិញមានការភ្ញាក់ផ្អើល ពេលបានឃើញឡានរបស់គាត់បើកកាត់។
Prasert បាននិយាយថា «ខ្ញុំនឹងមិនដែលលាងសម្អាតឡានរបស់ខ្ញុំពេញមួយជីវិត។ ប្រសិនបើភក់ចាប់ផ្តើមជ្រុះ នោះខ្ញុំនឹងយកដីភក់មកប៉ាតលើវាឲ្យកាន់តែច្រើន។ នេះគឺប្លែកគ្មាននរណាដូចខ្ញុំទេ។»។ លោកក៏បានចែករំលែកឲ្យដឹងរឿងនេះផងដែរថា៖ «នៅយប់មួយ ខ្ញុំបានបើកឡានរបស់ខ្ញុំចេញពីព្រៃ ស្រាប់តែអ្នកភូមិម្នាក់គ្រាន់តែបានឃើញភ្លាម គាត់ខំជិះកង់ចាកចេញយ៉ាងលឿន។ នៅពេលនោះ ខ្ញុំបានបន្ទាបបង្អួច ហើយសុំទោសចំពោះការបំភ័យគាត់ ដែលវាគួរឲ្យអស់សំណើចខ្លាំងណាស់»។
នៅពេលសួរថាតើនៅពេលមន្ត្រីប៉ូលិសបានឃើញឡានរបស់គាត់ តើពួកគេមានយោបល់ដែរ ឬទេ Prasert ក៏បាននិយាយថា ពួកគេបានប្រាប់គាត់ឲ្យធ្វើអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្ត៕ ដោយ៖ លឹម ហុង (ប្រភព៖ Khaosod)