នេះគឺជាខណៈពេលដ៏រន្ធត់មួយ ក្រោយពីបានឃើញលោកគ្រូបង្រៀនវ័យក្មេងម្នាក់ បានត្រូវប៉ែលប៉ោលកណ្តាលព្រៃស្ងាត់តែឯង បន្ទាប់ពីម៉ូតូរបស់គាត់ត្រូវទឹកហូរគួចយកទៅបាត់ នៅត្រង់ចំណុចផ្លូវទឹកហូរយ៉ាងខ្លាំងមួយកន្លែង នៅក្នុងខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះ ត្រូវបានដឹងថាបានកើតឡើងកាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី គឺស្របពេលដែលលោកគ្រូរូបនោះបានកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញ បន្ទាប់ពីទៅដល់សាលាអូរតាំងឡាំង ពុំឃើញមានកូនសិស្សមករៀន ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ វ៉ាន់ កុសល ដែលត្រូវបានគេដឹងថាជាគ្រូបង្រៀនស្រុកស្រែម្នាក់នៅតំបន់ដាច់ស្រយាលមួយកន្លែង នៅក្នុងខេត្តមណ្ឌលគិរី បានបង្ហោះវីដេអូខ្លួនកំពុងប៉ែលប៉ោលកណ្តាលព្រៃតែឯង ខណៈម៉ូតូត្រូវទឹកហូរគួចទៅបាត់ និងបានបង្ហាញអារម្មណ៍ទុក្ខសោកជាមួយសំណេរដ៏គួរឲ្យស្រណោះថា៖ «តើមានអ្នកណាយល់ពីអារម្មណ៍មួយនេះ ទុក្ខជាន់លើទុក្ខ។ មកបង្រៀនទាំងភ្លៀងតែមកដល់សាលាគ្មានសិស្សមក។ ត្រឡប់មកផ្ទះវិញទឹកហូរគួចយកម៉ូតូបាត់ កុំតែស្រវេស្រវ៉ាទាន់ កុំអីបានហូបបាយបិណ្ឌមិនខានទេ។ នេះហើយគ្រូមិនមែនស៊ីតែប្រាក់ខែស្រួលៗដូចគេនិយាយទេ»។
ដោយឡែក មហាជននៅលើបណ្តាញសង្គមវិញ បានបង្ហាញនូវអារម្មណ៍រខ្លោចចិត្ត និងក្តីអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូ និងរូបភាពទាំងនេះ៕ ដោយ៖ លឹម ហុង