ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានអះអាងថា ខេត្តកណ្តាល កំពុងមានសក្តានុពលខ្លាំង ព្រោះជាខេត្តដែលហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលអំណោយផលយ៉ាងល្អប្រសើរ ទៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍ ដីឡូតិ៍ លំនៅដ្ឋានប្រណីត និងតម្លៃមធ្យម ដែលជួយបង្កើតឱកាសការងារដល់ប្រជាជនជាច្រើននាក់។
អ្នកជំនាញលើកឡើងទៀតថា ខេត្តកណ្តាល នៅជុំវិញរាជធានីភ្នំពេញ មានតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវលេខ៤៤ និងផ្លូវលេខ៥១ ដើម ដែលជំរុញឱ្យមួយនេះកាន់តែមានតម្លៃដីធ្លីខ្ពស់។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនព្រទ្យ KFA ធ្លាប់បានមានប្រសាសន៍ថា កណ្តាល ជាខេត្តមួយ ដែលមានសក្ដានុពលជាងបណ្តាខេត្តមួយចំនួន កាន់តែពិសេសជាងនេះទៅទៀត គឺគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ដែលប្រការនេះ កាន់តែធ្វើខេត្តកណ្តាល មាន សក្ដានុពលកាន់ខ្លាំងជាងមុនទ្វេរដង និងជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តមួយនេះ ឡើងកាន់ខ្ពស់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកណ្តាល កំពុងមានសកម្មភាពអភិវឌ្ឍន៍ជាច្រើន ដែលនៅក្នុងនោះ វិស័យអចលនទ្រព្យ បាននាំមុខគេ រាប់ទាំងគម្រោងដែលមានស្រាប់ និងគម្រោងកំពុងដំណើរការបញ្ចប់ ក៏ដូចជាគម្រោងថ្មីៗជាច្រើនទៀត៕
ដោយ៖CEN