ភ្នំពេញ៖ រូបថតប៉ុន្មានសន្លឹក របស់អ្នកគ្រូបង្រៀនស្រុកស្រែម្នាក់ដែលមានរូបសម្ផស្សដ៏ស្រស់សោភា និងពោរពេញដោយស្នាមញញឹមជាប់ជានិច្ច បានកំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនៗតែម្តង។ អ្វីដែលធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺដោយសារតែក្តីអាណិតដល់អ្នកគ្រូ ខណៈដែលសម្លៀកបំពាក់ ខ្លួនប្រាណប្រឡាក់សុទ្ធតែភក់ ដោយសារជិះម៉ូតូរអិលដួលតាមផ្លូវចំការដាច់ស្រយាលមួយទៅកាន់សាលារៀន។
បើតាមប្រភពបានប្រាប់ឲ្យដឹងថា អ្នកគ្រូខាងលើបានតស៊ូធ្វើដំណើរទៅបង្រៀនសិស្ស កាត់តាមផ្លូវចម្ការដាច់ស្រយាលជារៀងរាល់ថ្ងៃ ប៉ុន្តែ ដោយសារប៉ុន្មានថ្ងៃជាប់ៗគ្នានេះ មានភ្លៀងធ្លាក់ខ្លាំង ជាហេតុបង្កឲ្យផ្លូវពោរពេញដោយភក់ល្បាប់ ដែលធ្វើឲ្យអ្នកគ្រូមានការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរ។ ជាក់ស្តែង ថ្មីៗនេះ បន្ទាប់ចេញពីបង្រៀនសិស្សត្រឡប់មកផ្ទះវិញ អ្នកគ្រូបានជួបគ្រោះថ្នាក់ដ៏ស៊យ ដោយរអិលម៉ូតូដួលប្រឡាក់ភក់ពេញខ្លួនប្រាណ និងសម្លៀកបំពាក់គួរឲ្យអាណិតជាខ្លាំង។
អ្នកគ្រូបង្រៀនដែលស្អាតទាំងចិត្ត ស្អាតទាំងកាយខាងលើមានឈ្មោះ អ្នកគ្រូ សម្ផស្ស អាយុ ២៣ ឆ្នាំ ជាកូនអ្នកស្រុកអូរាំងឪ ខេត្តកំពង់ចាម និងជាអតីតនិស្សិតអក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យឯកជនធំមួយសាខាខេត្តកំពង់ចាម៕ ដោយ៖ លឹម ហុង