ភ្នំពេញ-ក្រៅពីអាជីពកំប្លែង ទស្សនិកជនបានដឹងហើយថានាយគ្រឿន តារាកំប្លែងស្ងួតធ្លាប់បានបញ្ចេញស្នាដៃក្នុងខ្សែភាពយន្តជាច្រើនដែរ ប៉ុន្តែទាំងនោះមិនមែនជាចំណុចគោលដៅ របស់នាយឡើយ។ តារាកំប្លែងស្ទើរតែមួយគ្រួសាររូបនេះ បានឈោងចាប់យកតំណែងជាអ្នកនិពន្ធរឿងថែមទៀត។
ស្នាដៃនាយគ្រឿន បានលេចចេញជារូបរាង និងប្រកាសដាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី១៩ តុលា ២០១៧ គ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានី ភ្នំពេញ។
នេះជាការលើកឡើងរបស់នាយគ្រឿន ក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តរឿង “ថតកុន” កាលពីល្ងាចថ្ងៃទី១៥ តុលា ២០១៧ នេះជាវណ្ណកម្មថីរបស់ផលិតកម្ម អិលឌីភីកឈរ។
នាយគ្រឿនបាននិយាយថា ភាពយន្តរឿង «ថតកុន» លោកបានប្រឡូកផ្ទាល់ បើមានពាក្យណាខុសឆ្គង សូមអ្នកទស្សនាមេត្តាអភ័យទោសទុកជាមុន។ លោកបញ្ជាក់ថា ឆ្លងកាត់ការងារថតកុននេះ មិនមែនជារឿងងាយស្រួលនោះទេ ពិបាកខ្លាំងសម្រាប់ផលិតករ។ ផលិតករត្រូវការចំណាយដើមទុន បើមានអ្នកគាំទ្រពិតជាមានទឹកចិត្តផលិតរឿងថ្មីទៀត ដើម្បីបំពេរអារម្មណ៍ បើទោះជាមានភាពយន្តបរទេសវាយឡុកបែបណា។ គោលបំណងរបស់លោក ចង់ឲ្យមានរោងភាពយន្តបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រោះខេត្តខ្លះអត់រោងកុន បងប្អូនយើងចង់ទស្សនាមិនដឹងថា ទៅទស្សនានៅកន្លែងណា មានតែថ្នាក់លើជួយរករោងកុនថ្មីបន្តទៀត។
តារាដែលមានវត្តមានចូលរួមសម្ពោធខ្សែភាពយន្តរឿង «ថតកុន» មាននាយគ្រឿន សារ៉ាយ សក្ខណា ទឹម រដ្ឋា ទេព រិនដារ៉ូ ចាន់ណា រ៉ូណាន ប៊ីរីយ៉ា អ៊ែតវីន សឿន វីតា ប៉ែន ចំរ៉ុង ស្រមោចខ្មៅ គូម៉ា ពាក់មី គៀត សុវណ្ណាឡាង លឹម ជាឡាយ ហេង ស្រីពេជ្រ និងតារាកិត្តិយសជាច្រើនដួងទៀតផងដែ៕ដោយ-គីម ស្រីរ័ត្ន