ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដណាស់ជាបានស្គាល់ហើយ តារាសម្តែងស្រីវ័យក្មេងមានរូបឆោមដ៏ស្រស់សោភា និងជាមេម៉ាយកូន១ខ្ចីញ៉ិញ ឬអាចនិយាយបានថា ក្រមុំសុំខ្មាស អ្នកនាង ភិន សុដាលីស នៅតែទទួលការចាប់អារម្មណ៍តាមជានិច្ចពីខ្សែជីវិតឯកជនរបស់អុ្នកនាង ខណៈដែលពេលនេះ មានរូបរាងដ៏ទ្រលក់ទ្រលន់គួរឲ្យចង់ថ្នាក់ថ្នមតែម្តង។
អ្នកនាង ភិន សុដាលីស ពេលនេះហាក់នៅមិនទាន់រកឃើញដៃគូជីវិតបុរសណាម្នាក់ឲ្យពិតប្រាកដ មកថ្នាក់ថ្នមឲ្យកក់ក្តៅនៅឡើយនោះទេ ខណៈដែលត្រូវបានគេដឹងថាបានកំពុងរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានរូបរាងធំចង់ពាក់កណ្តាលអ្នកនាងទៅហើយ។
យ៉ាងណាមិញ ថ្មីៗនេះ មេម៉ាយកូន១សាច់សខ្ចីដ៏ទ្រលុកទ្រលន់រូបនេះ ស្រាប់តែបានធ្វើឲ្យមហាជន និងហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលសុខៗ អ្នកនាងបានបង្ហោះសារយ៉ាងចាក់ដោត ហាក់រំលឹកពីភាពឈឺចាប់ ព្រោះតែការសន្យាពុំក្លាយជាការពិតពីអតីតស្វាមីក្រៅខាន់ស្លា លោក ប៉ែន ចំរ៉ុង ដែលគេចាំមិនភ្លេចនៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយដោយលោកចាប់ដៃ ភិន សុដាលីស សន្យាថា «បងនឹងធ្វើឲ្យសើចច្រើនជាងយំ» ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនរំភើបចិត្តជំនួសអ្នកទាំងពីរយ៉ាងខ្លាំង។ ប៉ុន្តែ ទោះយ៉ាងណា អ្វីៗគ្រាន់តែជាការសន្យាប៉ុណ្ណោះ ព្រោះថាធាតុពិតមិនបានប៉ុន្មានផង អ្នកទាំងពីរក៏លេចឮរឿងប្រេះឆាគ្នារហូតបែកបាក់គ្នា ដែលរហូតមកទល់ពេលនេះ លោក ប៉ែន ចំរ៉ុង បានរៀបការទទួលបានកូនស្រីម្នាក់រួចហើយ។
សារដ៏ចាក់ដោតរបស់ ភិន សុដាលីស បានលើកឡើងដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «គ្មាននរណាមកសន្យាជាមួយយើងទេ ថានៅដប់ឆ្នាំ ឬ២០ឆ្នាំទៀត ជីវិតយើងនឹងបានស្រណុកសុខស្រួល គឺមានតែយើងនេះឯង ដែលសន្យាជាមួយខ្លួនឯងថាទោះជាមានរឿងលំបាកច្រើនប៉ុណាក៏ដោយ ក៏ខ្ញុំត្រូវអត់ធ្មត់ ហើយប្រឹងប្រែងតស៊ូ។ លើលោកនេះ មនុស្សស្ទើរតែទាំងអស់ខំប្រឹងដើម្បីស្វែងរកភាពស្រណុកសុខស្រួល ប៉ុន្តែភាពស្រណុកសុខស្រួលនៅក្នុងជីវិតអត់មានទេ ព្រោះការមានជីវិតគឺជាទុក្ខហ្នឹងឯង»៕ ដោយ៖ លឹម ហុង