Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​»

​ភ្នំពេញ​៖ រដ្ឋសភា​កាលពី​ម្សិលមិញ បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​» ខណៈដែល​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជសារ​មួយច្បាប់​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​មាគ៌ា​ដ៏​សំខាន់​ចាំបាច់ សម្រាប់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​។​

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ថ្លែងថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​លើក​ទី ៥ នីតិកាល​ទី ៦ រដ្ឋសភា​បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម រួចរាល់​ជា​ស្ថាពរ​ហើយដោយ​គ្រោង​នឹងដាក់​ជូនទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្តទៀត​។​

​លោក​ប៉េងឡុង បញ្ជាក់ថា​៖ «​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​របស់​យើង​នា​ថ្ងៃទី ៥ តុលា​នេះ​គឺ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បានសម្រេច​អនុម័ត​ច្បាប់​ហ្នឹង​រួចរាល់​ហើយ បន្ទាប់ពី​មានការ​បកស្រាយ​ពី​មន្ត្រី​ជំនាញ​យើង​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ កិច្ចការ​បន្ទាប់​ទៀត​គឺ​យើង​គ្រោង​ដាក់ជូនទៅ​ព្រឹទ្ធសភា​ពិនិត្យ​បន្តទៀត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​បញ្ជូនទៅ​ពេលណា​ទេ​»​។​

​សេចក្ដីព្រាងច្បាប់​ត្រង់​ជំពូក​ទី ១១ មាត្រា ៥២ បានចែង​ពី​ទណ្ឌកម្ម​ចំពោះ​ម្ចាស់​អាជីវកម្ម​ពាណិជ្ជកម្ម​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ នឹង​ទទួល​ទណ្ឌកម្ម​ដូចជា​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ ការបញ្ឈប់​សកម្មភាព ឬ​ប្រតិបត្តិការ​អាជីវកម្ម ការព្យួរ ការដកហូត ឬ​ការលុបចោល លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ ការផាកពិន័យ ទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់​។​

​បើតាម​សេចក្ដីព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រង់​មាត្រា ៥៦ បានឱ្យដឹងថា ការធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​បញ្ឈប់​សកម្មភាព ឬ​ប្រតិបត្តិការ​អាជីវកម្ម និង​ត្រូវ​ទទួល​ការផាកពិន័យ​ជា​ប្រាក់​មិន​លើសពី ១០ លាន​រៀល ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​កថាខណ្ឌ​ទី ១ នៃ​មាត្រា ២​។ ក្នុងករណី​ធ្លាប់​ទទួលរង​នូវ​វិធានការ​ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី ១ ជា​ស្ថាពរ​រួចហើយ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ដដែល​នេះ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ទៅ ៣ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ២ ទៅ ៦ លាន​រៀល​។​

​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​មាន​ព្រះបន្ទូល តាមរយៈ​ព្រះរាជសារ​មួយច្បាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​សម្រាប់​ការបើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត​គឺជា​មាគ៌ា​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ក្នុង​សកម្មភាព​នៃ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ស្របទៅតាម​សភាព​ជាក់ស្តែង និង​សកលភាវូបនីយកម្ម​។​

​ព្រះរាជសារ​បន្តថា​ក្រៅពី​ការតាក់តែង​ច្បាប់ ថ្នាក់ដឹកនាំ​រដ្ឋ​សភាគ​ណៈ​កម្ម​ការជំនាញ​ទី ១០ នៃ​រដ្ឋសភា ព្រមទាំង​សមាជិក​សមាជិកា​រដ្ឋសភា​ត្រូវបំពេញ​ភារកិច្ច​ស្នូល​របស់ខ្លួន​តាម​មណ្ឌល​ដែល​ខ្លួន​ទទួលខុសត្រូវ ដើម្បី​ពិនិត្យ​តាមដាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ប្រតិបត្តិ​តួនាទី​របស់​រាជរដ្ឋាភិបាល​។
​ក្នុងនោះ​សកម្មភាព​សហការគ្នា​យ៉ាង​ស្អិតល្មួត​រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​លើ​កិច្ច​គាំពារ​សុខភាព​សង្គម កំពុង​ត្រូវបាន​លើកស្ទួយ​យ៉ាងសកម្ម​គួរឱ្យកត់សម្គាល់ ដោយបាន​បង្កើតឱ្យមាន​កម្មវិធី​ជំនួយ​សង្គម​ជាច្រើន សំដៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នូវ​អត្ថប្រយោជន៍​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​៕​ដោយ​៖CEN

×